Friday, July 8, 2022

មេម៉ាយ វ័យ៥៥ឆ្នាំ ទាក់ទាញកំលោះវ័យ៣៦ឆ្នាំ រហូតរៀបការបានសម្រេច

ភ្នំពេញ ៖ ម្តាយតារាសម្តែង អេមី បានចូលរោងការយ៉ាងភ្ញាក់ផ្អើល នៅយប់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ ដោយមានការជប់លៀង ច្រើនតុនាភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក។ អ្វីដែលគេកត់សម្គាល់គឺ តាមការលើកឡើង កូនកំលោះជាកំលោះពិតប្រាកដ មិនមានជាប់ពាក់ព័ន្ឋស្នេហា ជាមួយនារីណាឡើយ។ ម្ល៉ោះហើយមានការចាប់អារម្មណ៍ច្រើនពេលភ្ញៀវមកជប់លៀងជូនពរជ័យ។

បើតាមការអះអាង ពីកូនស្រី កញ្ញា អេមី តារាសម្តែង ច្រើនលេចមុខ នៅក្នុងផលិតកម្មអិលឌី បានលើកឡើងថា ម្តាយនាងមេម៉ាយច្រើនឆ្នាំមកហើយ ។ ការស្គាល់គ្នារាប់អាន ស្វាមីវ័យក្មេងរូបនេះ ប្រមាណ៥ឆ្នាំទៅហើយ។ ដំបូងមិនចង់ឲ្យគាត់យកប្តីទៀតទេ ព្រោះចាស់ហើយ អាយុច្រើន បើនិយាយរឿងកូន ក៏មិនមានទៀតដែរ។ ប៉ុន្តែខាងប្រុសគេស្រឡាញ់ ព្រួយបារម្មណ៍ពេក មិនចោលគ្នា ក៏សម្រេចចិត្តផ្សំផ្គុំតែម្តង ។ អេមី បន្តទៀតថា ម្តាយនាងមានកូនប្តីមុន២នាក់ រូបនាង និងប្អូនប្រុស។ នេះជាការបំពេញបំណង ជូនអ្នកមានគុណ ដោយចំណាយជិតខ្ទង់១មុឺនដុល្លារ សម្រាប់ ការរៀបពិធីតាមប្រពៃណីនេះ។ នាងអាចមើលថែម្តាយបាន បើរៀបការហើយ គាត់នៅតែផ្ទះក៏បាន ឬចង់លក់ដូរក៏បានស្រេចតែគាត់ចង់ នាងចំណាយដើមទុនឲ្យទាំងអស់។

បើតាមអ្នកស្រី សោភ័ណ្ឌ ជាកូនក្រមុំ បានបញ្ជាក់ថា អ្នកស្រីបានសួរម្តងហើយ ម្តងទៀតថា អ្នកស្រីមិនក្មេងទេ មានកូនកំលោះក្រមុំអស់ហើយ មកដណ្តឹងយកធ្វើប្រពន្ឋ ក៏មិនមានកូនជាដំណក់ឈាម។ ប៉ុន្តែស្វាមីអ្នកស្រីនៅតែទទួល រូបភាពនេះ ហើយមិនស្តាប់សំដីអ្នកណា ព្រោះសំខាន់ចិត្ត២នាក់រស់នៅជាមួយគ្នា ចុះសម្រុងគ្នាគឺរួចរាល់។ ក្រោយរៀបការ អ្នកស្រីចង់បង្កើត របរលក់ដូរ នៅក្នុងផ្ទះ ដើម្បីទប់ជីវភាពរស់នៅព្រោះ មិនអាចធ្វើការធ្ងន់ ក្រៅពីលក់ដូរនេះឯង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម