Friday, July 8, 2022

សម្តេចតេជោ ហ៊ុន សែន កែសម្រួលព័ត៌មាន, នៅពេលនេះ សាស្រ្តចារ្យជនជាតិអូស្រ្តាលី នៅមីយ៉ាន់ម៉ា មិនទាន់បានដោះលែងនៅឡើយទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានកែសម្រួលព័ត៌មាន ពាក់ព័ន្ធការដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលី។ សម្តេចបញ្ជាក់ថា ជាក់ស្តែងនៅពេលនះជនជាតិអូស្រ្តាលី មិនទាន់បានដោះលែងនៅឡើយទេ ហើយសម្តេចសូមអធ្យាស្រ័យ លើកំហុសដោយអចេតនានេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចបានលើកឡើងថា៖ «ព្រឹកម៉ិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលី ដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលី នេះមិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភន្ត័ច្រឡំនេះបណ្តាល មកពីខ្ញុំទទួលបានព័ត៌មានខុស ដែលខ្ញុំសូមអាធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ»។

លោក Turnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូបរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំមុន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា។ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះ ត្រូវបានចោទប្រកាន់ពី បទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយកំពុងប្រឈមនឹងការដាក់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។

សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលី ធ្លាប់បានស្នើដោយផ្ទាល់តាមរយៈសម្តេចតេជោ ហ៊ុន សែន ឲ្យមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី សន ថឺនែល ដែលជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ា ប្រមាណ១ឆ្នាំហើយនោះ។ ក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក មីន អោងឡាំង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកយកសំណើរបស់អូស្ត្រាលី ទៅកាន់មេដឹកនាំមីយ៉ាន់ម៉ា ជាលទ្ធផលលោក មីន អោងឡាំង ទទួលយកសំណើនេះ និងសន្យាដោះស្រាយជាវិជ្ជមាន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី