Friday, July 8, 2022

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR ពិភាក្សាពីកិច្ចសហការការងារមួយចំនួន ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស

ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដើម្បីពិភាក្សាពីកិច្ចសហការការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

ក្នុងកិច្ចជំនួបនេះ OHCHR បានលើកឡើង (១) ពីសំណើគម្រោងការរៀបចំឱ្យមានកិច្ចពិភាក្សា កម្រិតថ្នាក់មន្រ្តីជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (CESCR) ដែកិច្ចពិភាក្សានេះធ្លាប់បានធ្វើច្រើនមកហើយ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (២) OHCHR បានស្នើឱ្យ គ.ស.ម.ក. ចូលរួមសហការក្នុងការរៀបចំសិក្ខាសាលាមួយ ពាក់ព័ន្ធនឹងការបង្វឹកគ្រូបង្គោល (Training of Trainers) ស្តីពីការការពារប្រឆាំងនឹងអំពើទារុណកម្ម (៣) វឌ្ឍនភាពស្តីពីរបាយការណ៍តាមយន្តការ ពិនិត្យជាសកលតាមកាលកំណត់ពាក់កណ្តាលអាណត្តិ (UPR) ដែលខាង UPR-Info មានចំណាប់អារម្មណ៍ចង់ចូលរួមផងដែរ បើសិនជាការរៀបចំសិក្ខាសាលា ឬទម្រង់ការផ្សព្វផ្សាយបែបណាមួយ និង (៤) OHCHR ចង់ដឹងពីផែនការបន្តពាក់ព័ន្ធនឹងការរៀបចំច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីការដាក់ឱ្យមានកិច្ចពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាការឆ្លើយតបនូវសំណើ និងសំណួរខាងលើ គ.ស.ម.ក. (១) នឹងធ្វើការពិភាក្សាផ្ទៃក្នុងមួយជំហ៊ានសិន ពាក់ព័ន្ធនឹងការរៀបចំ ឱ្យកិច្ចពិភាក្សាកម្រិតថ្នាក់ មន្ត្រីជាន់ខ្ពស់ មុននឹងឆ្លើយតបទៅ OHCHR វិញ (២) គ.ស.ម.ក. យល់ស្របនិងព្រមទទួលសហការក្នុងរៀបចំ សិក្ខាសាលាពាក់ព័ន្ធនឹងការបង្វឹកគ្រូបង្គោល (Training of Trainers) ស្តីពីការការពារប្រឆាំងនឹងអំពើទារុណកម្ម (៣) ក្រុមការងារ គ.ស.ម.ក. បានរៀបចំចងក្រងរបាយការណ៍ UPR ពាក់កណ្តាលអាណត្តរួចហើយ ហើយនិងរីករាយទទួលយកនូវកិច្ចសហការពី OHCHR និង UPR-Info ក្នុងការរៀបចំការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលវេលាណាមួយ និង (៤) គ.ស.ម.ក. នឹងរៀបចំបញ្ចូលនូវរាល់ធាតុចូល ដែលទទួលបានពីគ្រប់ភាគីពាក់ព័ន្ធ ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីចេញជាសេចក្តីព្រាងទី២ បន្ទាប់មក គ.ស.ម.ក. មានគម្រោងជួបជាមួយគណៈកម្មការរដ្ឋសភា ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីទទួលបាននូវអនុសាសន៍ក៏ដូចជាធាតុចូលបន្ថែមទៀត ដើម្បីធានាថាសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ គ.ស.ម.ក. និង OHCHR នឹងសហការគ្នា ក្នុងការៀបចំនូវសិក្ខាសាលាបន្តបន្ទាប់ដែលធ្លាប់បានពិភាក្សាកន្លងមករួមមាន (១)សិទ្ធិអ្នកសារព័ត៌មាន (២) ការផ្សព្វផ្សាយរបាយការណ៍ UPRពាក់កណ្តាលអាណត្តិ និង (៣) ការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី