Tuesday, January 18, 2022

ដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលពាក្យបណ្តឹងសរុបចំនួន ៣៦ បណ្តឹង

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន ៣៦ បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

គ.ជ.ប បានបន្តថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ រួមមានៈ

គ.ជ.ប បានបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មាន ៣ ដំណាក់កាល រួមមាន៖

  • ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
  • ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃ.ស និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
  • ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

ដំណើរការនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សូមជម្រាបជូនថា គ.ជ.ប នឹងផ្សព្វផ្សាយព័ត៌មាន អំពីដំណើរការនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ ជាបន្តបន្ទាប់ទៀត នាពេលខាងមុខឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ