Tuesday, January 18, 2022

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញការសោកស្តាយចំពោះមរណភាពអ្នកជំនាញដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុរហិតរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការសោកស្តាយចំពោះមរណភាព របស់អ្នកជំនាញដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សារនៅលើទំព័រហ្វេសប៊ុកផ្លូវនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ ដែលបានហែលឆ្លងកាត់ សោក.នាដ.កម្មនៃសង្គ្រាម ខ្ញុំពិតជាមានកិត្តិយសដ៏ធំធេង ដែលបានបម្រើប្រទេសកំណើតរបស់ខ្ញុំ ក្នុងសកម្មភាពកំចាត់មីន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក”។

ឯកឧត្តម បានបន្តទៀតថា “ខ្ញុំមានសេចក្តីសោកសង្រេង ដែលទើបបានដឹង ពីមរណភាពរបស់សមាជិកក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម។ ហើយវាក៏ជារឿងមួយ ដ៏សោកសៅផងដែរ ពេលដែលខ្ញុំ នឹកឃើញដល់បងប្អូនខ្មែរស្លូតត្រង់ និងវីរជនដោះមីនទាំងឡាយ ដែលបានស្លា.ប់បាត់បង់ជីវិត និងរងរបួស ដោយសារគ្រាប់មីន និងកាកសំណល់សង្រ្គាម។ សមានចិត្ត និងការបន់ស្រន់របស់ខ្ញុំ នឹងស្ថិតនៅជាមួយក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះគ្រប់រូប”។

គួរជម្រាបផងដែរថា អ្នកជំនាញដោះមីន ៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) បានពលីជីវិត ដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះ បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត ១០ឆ្នាំមកហើយ។ ជនរងគ្រោះទាំង៣រូបនេះ រួមមាន៖ លោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់។

ចំណែកឯ កណ្តុរ ម៉ាកាវ៉ា (Magawa) ដែលចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វា ដើម្បីស្វែងរកមីននៅកម្ពុជា និងដែលត្រូវបានទទួលស្គាល់ ចំពោះការរួមចំណែករបស់វា ក្នុងការសង្គ្រោះជីវិតប្រជាជន បានទទួលមរណភាពកាលពីចុងសប្តាហ៍មុន។ ក្នុងអំឡុងពេលបម្រើការងាររបស់ កណ្តុរ Magawa បានរកឃើញគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតជាង ១០០ គ្រាប់ ដែលធ្វើឱ្យគាត់ក្លាយជាវីរកណ្តុរ (HeroRAT) ជោគជ័យបំផុតរបស់អង្គការ APOPO រហូតមកដល់ពេលបច្ចុប្បន្ន។

គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន ១៥៤នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី