Tuesday, January 18, 2022

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ៖ ក្រុមហ៊ុនឯកជនអាល្លឺម៉ង់ធំៗ បាននិងកំពុងធ្វើការវិនិយោគ និងនាំចេញផលិតផលកសិកម្មកម្ពុជា ទៅទីកាន់ផ្សារអាល្លឺម៉ង់

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ ដល់កម្ពុជាលើគ្រប់វិស័យ។ ចំពោះវិស័យកសិកម្ម ប្រទេសអាល្លឺម៉ង់ បាននិងកំពុងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗសំដៅ ទី១. ពង្រឹងសមត្ថភាពមន្ត្រី និងពង្រីកសមត្ថភាពសហគមន៍កសិកម្ម ទី២. ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ទី៣. ការធ្វើឱ្យប្រសើរឡើង នូវការធ្វើកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ី ទី៤. ជួយជំរុញដល់ការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម ទី៥. ការងារអភិរក្សតំបន់ដីសើមទន្លេមេគង្គ ទី៦. ការងារទប់ស្កាត់ ស្រាវជ្រាវ និងវិភាគជំងឺឆ្កែឆ្កួតដែលអាចឆ្លងពីសត្វមកមនុស្ស មនុស្សទៅសត្វ។ ការឧបត្ថម្ភគាំទ្រទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គឺពិតជាបានចូលរួមចំណែកយ៉ាងធំមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយឯកឧត្តម ក៏បានបញ្ជាក់ អំពីគោលបំណងសំខាន់ នៃកិច្ចប្រជុំនារសៀលនេះគឺ ដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបអំពីការសិក្សា ស្រាវជ្រាវ និងស្វែងយល់អំពីសក្ដានុពល នៃវិស័យកសិកម្មកម្ពុជា ដែលរូបលោក និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ បានសម្រេច ដើម្បីជួយជំរុញការងារនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអាល្លឺម៉ង់បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់ដែលចូលរួមនារសៀលនេះ គឺមកពីក្រុមហ៊ុនឯកជនអាល្លឺម៉ង់ធំៗដែលបាន និងកំពុងធ្វើការវិនិយោគ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីកាន់ផ្សារអាល្លឺម៉ង់ ដៃគូអភិវឌ្ឍន៍ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាសហការជាមួយក្រសួងលើការងារមួយចំនួនមានជាអាទិ៍៖ ការលើកកម្ពស់សមត្ថភាពប្រជាកសិករ និងសហគមន៍កសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារអនាម័យនិងភូតគាមអនាម័យស្រប់តាមស្តង់ដារអាល្លឺម៉ង់ និងអឺរ៉ុប តម្លៃនៃការដឹកជញ្ជូនផលិតផលកសិកម្ម។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការសិក្សា ស្រាវជ្រាវ និងជាពិសេសបំណងចង់ជួយជំរុញ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីឱ្យការងារនេះ ទទួលបានជោគជ័យ ត្រូវមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍- សហគមន៍។ មួយវិញទៀត ត្រូវជំរុញ និងបំពេញខ្សែច្រវាក់តម្លៃបន្ថែម សំដៅលើការងារកែច្នៃ វេចខ្ចប់ និងឃ្លាំងត្រជាក់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមអ្នកជំនាញការអាល្លឺម៉ង់ សហការជាមួយមន្ត្រីជំនាញ របស់ក្រសួងពិភាក្សា និងរួមគ្នាអនុវត្តការងារនេះ ដើម្បីជាប្រយោជន៍ ដល់សង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាកសិករកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី