Thursday, August 11, 2022

លោកជំទាវ ម៉ែន សំអន ៖ សមិទ្ធិផលថ្មី នៅវត្តសត្ថាធម្មវិហារ បានចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍន៍ខេត្តកែប

កែប ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពជា បានអញ្ជើញជាអធិបតីក្នុង ពិធីពុទ្ធាភិសេក ព្រះអង្គប្រក់នាគកម្ពស់ទាំងនាគ ១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលមានទីតាំងនៅវត្តសត្ថាធម្មវិហារ (ភ្នំពោន) ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបានថ្លែងអំណរព្រះគុណ ព្រះកែបធម្មសម្រាន្តមុនី ផាត់ ធួក ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសមុទ្ទទេវរង្សី ព្រះមេគណខេត្តកែប និងជាចៅអ ធិការ វត្តសត្ថាធម្មវិហារ (ភ្នំពោន) ដែលបានដឹកនាំ កសាង និងអភិវឌ្ឍន៍នៅក្នុងវត្ត ។

លោកជំទាវ ក៏បានថ្លែងអំណរគុណសប្បុរស ជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ បានរួមគ្នាកសាងសមិទ្ធិផល ជាច្រើនទៀត នៅក្នុងវត្ត ជាពិសេស សូមថ្លែងអំណរ គុណដល់ ឧបាសិកា នាង ហួន និងលោកស្រី ទ្រី សុខា ព្រមទាំងបុត្រ ដែល មានសទ្ធាជ្រះថ្លា​ ក្នុងការកសាងបញ្ចប់ រួចរាល់ជាស្ថាពរព្រះអង្គប្រក់នាគ ដ៏ស្គឹមស្គៃ ដើម្បីជាទីគោរសក្ការៈ ។

លោកជំទាវ បន្តទៀតថា តាមរយៈ សមិទ្ធផលជាច្រើនៅក្នុងវត្ត នឹងប្រែក្លាយវត្តនេះ ទៅជាវត្តរមណីយដ្ឋានពុទ្ធសាសនា វប្បធម៌ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកថ្វាយបង្គំព្រះ និងទស្សនា ដោយការផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំ ដែលពោរ ពេញទៅដោយសមុទ្រ ជុំវិញខៀវស្រងាត់ និងមានទីតាំងស្ថិតក្នុងភូមិសសាស្ដ្រអំ ណោយ ផលល្អ ដូចជា មានព្រៃព្រឹក្សា មានដើមកោងកាងដែលមានជីវៈចម្រុះផ្ដល់នៅផលប្រយោជន៍ ប្រព័ន្ធអេកូឡូស៊ី មានឆ្នេរខ្សាច់យ៉ាងល្អស្អាត និងអាកាសធាតុល្អបរិសុទ្ធ។ ម៉្យាងទៀត តាមរយៈ វត្តនេះ ក៏បានលើកស្ទួយដល់ការអភិវឌ្ឍន៍ខេត្ត និងលើកកម្ពស់សោភណ្ឌភាពរបស់ខេត្តកែបបានថែមួយកម្រិតទៀត។

លោកជំទាវ ក៏បានអំពាវនាវឲ្យ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរព តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាល នៅពាសពេញពិភពលោក៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី