Tuesday, January 18, 2022

ចោរឆ.ក់កាបូបទាំងព្រឹក បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆ.ក់ការបូបលុយពី ស្ត្រីម្នាក់បានសម្រេច បណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរ តាមផ្លូវ ហើយជនសង្ស័យគេចទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ បោ.កផុ.ងលលាដ៍ សន្លប់ឈឹង ឈ្មោះពុំ រ៉ាវី ភេទស្រី វ័យជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំពោះទ្រព្យសម្បត្តិវិញ មិនទាន់អាចបញ្ជាក់អស់ប៉ុន្មាននោះទេ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ខាងកើតច្រកចូលព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំផ្លាកលេខ ធ្វើសកម្មភាពឆ.ក់ទាញយកកាបូប បណ្តាលឱ្យជនរងគ្រោះ ដួលបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ សង្ឃឹមរស់តិចតួច ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ភ្លាមៗ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ អសន្តិសុខ បទល្មើសចោរឆក់ ស្ទើរតែរៀងរាល់ថ្ងៃទៅហើយ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ដោយមានការព្រួយបារម្ភ និងភិតភ័យយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ ៖ សួង សាម