Tuesday, January 18, 2022

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជំរុញឲ្យហ្វឹកហ្វឺនក្បួនទ័ពបន្ទាន់ ដល់សមាជិកគ្រួសារមន្រ្ដីពន្ធនាគារ

រដ្ឋធានីណៃពិដោរ ៖ ក្រោយពេលចេញបទបញ្ជាឲ្យប្រពន្ធ របស់មន្រ្ដីយោធាថ្នាក់កណ្ដាលហ្វឹកហ្វឺន ក្បូនទ័ពរួចមក តែរហូតមកដល់ពេលនេះ ក្រុមប្រឹក្សាយោធា ដែលជាស្ថាប័នកំពូល ក្នុងការរៀបចំរបបសឹកមីយ៉ាន់ម៉ា បានចេញបញ្ជាឲ្យមានការហ្វឹកហ្វឺនក្បូនទ័ពជាបន្ទាន់ដល់មន្រ្ដីពន្ធនាគារ និង សមាជិកគ្រួសាររបស់ពួកគេ ឲ្យបាន នៅមុនដំណាច់ខែមករា ឆ្នាំ២០២២នេះ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថា មន្រ្ដីយោធាមួយចំនួនរបស់មីយ៉ាន់ម៉ា និងប្រពន្ធរបស់ពួកគេ បានឲ្យដឹងថា នេះជាលើកទី១ ហើយ ដែលរបបសឹកមីយ៉ាន់ម៉ា បានតម្រូវឲ្យប្រពន្ធរបស់មន្រ្ដីកងទ័ព ចាប់ពីថ្នាក់កណ្ដាលឡើងទៅ ត្រូវតែទៅហ្វឹកហ្វឺនជំនាញកងទ័ព។ នៅក្នុងការហ្វឹកហ្វឺនក្បួនទ័ពនោះ ពួកយោធាបានបង្រៀនដល់ប្រពន្ធរបស់មន្រ្ដីយោធា ឲ្យចេះប្រើប្រាស់កាំភ្លើងតូច និងកាំភ្លើងធុនធ្ងន់ផងដែរ។ ប៉ុន្ដែបច្ចុប្បន្ន របបសឹកមួយនេះ បានបញ្ជាឲ្យហ្វឹកហ្វឺនយោធា ជាបន្ទាន់ ដល់សមាជិកគ្រួសារមន្រ្ដីពន្ធនាគារ បន្ថែមទៀត។

បើតាមសារព័ត៌មានភូមា Mizzima បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា មន្រ្ដីម្នាក់មកពីនាយកដ្ឋានពន្ធនាគារ សុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញាណ បានឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា បានណែនាំឲ្យមានការហ្វឹកហ្វឺនក្បួនទ័ព ជាបន្ទាន់ដល់មន្រ្ដីពន្ធនាគារ នៅទូទាំងប្រទេស និង សមាជិកគ្រួសាររបស់ពួកគេ។ ក្រុមប្រឹក្សាយោធា ដែលជាអ្នករៀបចំការគ្រប់គ្រងរបស់របបសឹក បានចេញបទបញ្ជាបែបនេះ ក្រោយពេលមានការវាយប្រហារទៅលើពន្ធនាគារ Tamu កាលពីពេលកន្លងមក។

នៅក្នុងបទបញ្ជានោះ បានបញ្ជាក់ថា ការហ្វឹកហ្វឺនក្បួនយុទ្ធសាស្រ្ដកងទ័ពនេះ នឹងត្រូវធ្វើឡើង នៅមុនដំណាច់ ខែមករា ឆ្នាំ២០២២។ សកម្មភាពរបស់របបសឹកមីយ៉ាន់ម៉ា បានកើតឡើង ក្រោយពេលកងទ័ព នៅតាមអង្គភាពនានា បានរត់ចោលជួរ ចាប់តាំងពីមានអំពើរដ្ឋប្រ.ហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក៕ រក្សាសិទ្ធិដោយ ៖ សារាយSN