Tuesday, January 18, 2022

ទេសាភិបាលធនាគារនៃកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយ ១០ចំណុច ដើម្បីពង្រឹងប្រព័ន្ធធនាគារនៅកម្ពុជា

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថាដើម្បីគាំទ្រការងើបឡើងនៃកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលនឹងដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលមានគោលដៅស្តារ កែទម្រង់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ ស្របតាមទិសដៅនេះ ឯកឧត្តមថា ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជានឹងបន្តដាក់ចេញគោលនយោបាយចម្បងៗចំនួន១០ចំណុចរួមមាន៖

          ទី១– ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់៖ ស្ថិរភាពអត្រាប្តូរប្រាក់នឹងបន្តរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញនៃប្រាក់រៀល ក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋ។ គួររំលេចថា អត្រាប្តូរប្រាក់នៅឆ្នាំ២០២២នេះ នឹងអាចបន្តរងសម្ពាធធ្លាក់ថ្លៃ ដោយសារការអនុវត្តវិធានការគាំទ្រដែលបញ្ចេញប្រាក់ទៅលើទីផ្សារ គួបផ្សំនឹងនិន្នាការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ជាពិសេសបណ្តាលមកពីការរំពឹងទុកលើការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នាពេលខាងមុខ។​ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឱ្យមានស្ថិរភាពក្នុងកម្រិតសមស្រប តាមស្ថានភាពសេដ្ឋកិច្ច។

          ទី២– ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៖ វិបត្តិកូវីដ១៩ បានបង្ហាញយ៉ាងច្បាស់ពីតួនាទីមិនពេញលេញនៃនយោបាយរូបិយវត្ថុ ក្នុងការជួយគាំទ្រសេដ្ឋកិច្ច ដូចជា លទ្ធភាពបន្ថយអត្រាការប្រាក់ដើម្បីជំរុញការវិនិយោគ ឬការប្រើប្រាស់ ដោយសារតែកម្រិតខ្ពស់នៃដុល្លារូបនីយកម្ម។ ដូច្នេះ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅតែ​បន្តជាការងារអាទិភាពចម្បង ក្នុងការពង្រឹងប្រសិទ្ធភាព អធិបតេយ្យ និងឯករាជ្យនៃនយោបាយរូបិយវត្ថុ សំដៅគាំទ្រកាន់តែសកម្មក្នុងដំណើរការស្តារនិងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងចូលរួមគាំទ្រការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល ដែលមិនត្រឹមតែជាប្រភពហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការវិនិយោគសាធារណៈប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជា ការបង្កើតឧបករណ៍នយោបាយរូបិយវត្ថុថ្មីផ្អែកលើយន្តការទីផ្សារ ផងដែរ។

          ទី៣ ការអនុវត្តវិធានការគាំទ្រចំគោលដៅ៖ ដោយសារការងើបឡើងនៃវិស័យសេដ្ឋកិច្ចមានល្បឿនខុសគ្នា ដូច្នេះ ការអនុវត្តវិធានការគាំទ្រនឹងត្រូវធ្វើឡើងឱ្យចំគោលដៅ ចំពោះវិស័យទ្រទ្រង់កំណើន។ ក្នុងន័យនេះ ប្រព័ន្ធធនាគារនឹងចូលរួមចំណែកគាំទ្រការស្តារវិស័យអាទិភាព តាមរយៈការបន្ធូរបន្ថយបទប្បញ្ញត្តិសមស្របនិងអាស្រ័យលើកម្រិតហានិភ័យ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាក៏នឹងអនុវត្តយុទ្ធសាស្ត្រចាកចេញពីវិបត្តិ (Exit Strategy) ដែលនឹងត្រូវធើ្វឡើងតាមដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្ននិងស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ដោយគិតគូរយ៉ាងល្អិតល្អន់ពីហានិភ័យចិត្តសាស្ត្រ (Moral Hazard) និងស្ថិរភាពប្រព័ន្ធធនាគារ។

          ទី៤ ការលើកកម្ពស់បរិយាបន្ននិងចំណេះដឹងហិរញ្ញវត្ថុ៖ បច្ចុប្បន្ន ការទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លៃសមស្រប នៅមានកម្រិតនៅឡើយ ដែលជាឧបសគ្គមួយក្នុងការរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ក្នុងស្ថានភាពនេះ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ នឹងបន្តជាមគ្គុទ្ទេសក៍ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងភាគីពាក់ព័ន្ធនានា។ ជាមួយគ្នានេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុក៏នឹងត្រូវបន្តពង្រឹងជាប្រចាំ តាមរយៈការបញ្ជ្រាបទាំងក្នុងកម្មវិធីសិក្សានិងយុទ្ធនាការផ្សព្វផ្សាយនានា​ ទៅលើការប្រើប្រាស់លុយ វប្បធម៌ឥណទាន និងការសន្សំ។

          ទី៥សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តទាំងអស់ត្រូវបន្តគាំទ្រការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការផ្តល់សេវាគ្រប់គ្រងសាច់ប្រាក់ ប្រកបដោយភាពសកម្មនិងប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ចំណេះផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន តាមរយៈប្រព័ន្ធ Hotline ដើម្បីផ្តល់ព័ត៌មាន និងជួយដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សាខាក៏ត្រូវបន្តសហការនិងគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងតម្លាភាពនិងគណនេយ្យភាពនៃប្រតិបត្តិការគ្រប់គ្រងសាច់ប្រាក់។

          ទី៦ ការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ជាពិសេសនៅក្នុងប្រព័ន្ធទូទាត់ មានសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សមាហរណកម្ម គាំទ្រកំណើន និងសេដ្ឋកិច្ចឌីជីថល តាមរយៈកាត់បន្ថយកម្រៃសេវានិងចំណាយប្រតិបត្តិការផ្សេងៗ ការអាចទទួលបានសេវាងាយស្រួលនិងគ្រប់ទីកន្លែង ក៏ដូចជាគាំទ្រកំណើនប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក៏ប៉ុន្តែ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក៏អាចធ្វើឱ្យប្រព័ន្ធធនាគារប្រឈមនឹងឧក្រិដ្ឋកម្មសាយប័រ (Cybercrime) ផងដែរ ដែលបញ្ហានេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងពង្រឹងបទប្បញ្ញាតិ សុត្ថិភាពនិងសមត្ថភាពផ្នែកព័ត៌មានវិទ្យាជាប្រចាំ។ ស្របជាមួយគ្នានេះ រាលការទទួលយកនិងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក៏ត្រូវគោរពឱ្យបានម៉ឹងម៉ាត់នូវគោលការណ៍ធំៗចម្បងបីគឺ ការរក្សាឱ្យបាននិរន្តរភាពនៃសេវា ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រនវានុវត្តន៍ (Sustainability, Inclusion and Innovation)​។

        ទី៧- ការពង្រឹងផែនការនិរន្តរភាពអាជីវកម្ម (Business Continuity Plan) និងផែនការអនុវត្តជាយថាហេតុ (Contingency Plan)៖ ការប្រឈមនឹងភាពមិនច្បាស់នៃការរាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំផែនការទាំងពីរនេះ ដែលបានរក្សានិរន្តរភាពនៃផ្តល់សេវា និងការគ្រប់គ្រងហានិភ័យនានាក្នុងប្រព័ន្ធធនាគារ។ ដើម្បីរួមចំណែករក្សាភាពធន់នៃប្រព័ន្ធធនាគារទាំងមូល ខ្ញុំស្នើឱ្យនាយកដ្ឋាននិងអង្គភាព និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្រោមឱវាទធនាគារជាតិនៃ​កម្ពុជាទាំងអស់ ត្រូវបន្តពង្រឹងផែនការនិរន្តរភាពអាជីវកម្មនិងផែនការអនុវត្តជាយថាហេតុ ដោយធ្វើបច្ចុប្បន្ន តាមការវិវត្តន៍នៃស្ថានភាព។  

        ទី៨ ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៖ ការធ្វើឱ្យប្រសើរឡើងនៃចំណាត់ថ្នាក់កម្ពុជាលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាក៏ត្រូវបន្តលើកកម្ពស់ចំណេះដឹងដល់​បុគ្គល​​រាយការណ៍​និង​អាជ្ញាធរ​ពាក់ព័ន្ធ ពង្រឹងការតាមដាននិងវិភាគរបាយការណ៍ហិរញ្ញវត្ថុ បញ្ជូនប្រតិបត្តិការសង្ស័យទៅអាជ្ញាធរមានសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិនានា ដើម្បីផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលានិងសភាពការណ៍។

       ទី៩- ការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ៖ ក្រៅពីការបំពេញមុខងារ-ភារកិច្ចស្នូល ប្រព័ន្ធធនាគារក៏ត្រូវបន្តរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយគិតគូរអំពីបរិស្ថាននិងផលប៉ះពាលមកលើអាកាសធាតុ។ ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិក៏បានយកធនាគារជាតិនៃកម្ពុជាជាធនាគារកណ្តាលគំរូមួយក្នុងតំបន់ ដោយសារធនាគារជាតិនៃកម្ពុជាបានវិនិយោគទុនបម្រុងអន្តរជាតិលើទ្រព្យសកម្មបៃតង និងបានដាក់ចេញនូវគោលការណ៍ហិរញ្ញប្បទានប្រកបដោយចីរភាព របស់ប្រព័ន្ធធនាគារនៅកម្ពុជា ដែលលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ផ្តល់ឥណទានទៅកាន់វិស័យដែលជួយការពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

       ទី១០- ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ធនាគារជាតិនៃកម្ពុជានឹងរួមចំណែកពង្រឹងសមាហរណកម្មហិរញ្ញវត្ថុនិងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈ ការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ សមាហរណកម្មប្រព័ន្ធទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុតំបន់ និងយន្តការជួយផ្តល់ហិរញ្ញប្បទានសម្រាប់បង្ការនិងដោះស្រាយវិបត្តិ៕