Tuesday, January 18, 2022

ឆ្នាំមុន ពលរដ្ឋឥណ្ឌាធ្វើពិធីលាងបាប ផ្ទុះឆ្លងកូវីដ-១៩ ឥឡូវនាំគ្នាចុះមុជទឹកទន្លេគង្គាទៀត ចំពេលផ្ទុះអូមីក្រុង

រដ្ឋធានីញូវដេលី ៖ គេនៅចាំបានថា កាលពីឆ្នាំ២០២១ កន្លងមកនេះ ប្រជាពលរដ្ឋឥណ្ឌារាប់សិបលាននាក់ ជាសាសនិកហិណ្ឌូ បានរៀបចំពិធីលាងបាប នាំគ្នាចុះមុជទឹកទន្លេគង្គា ចំពេលមានការរាតត្បាត ពីជំងឺកូវីដ-១៩ បណ្ដាលឲ្យមានអ្នកឆ្លង ក្នុង១ថ្ងៃៗ កើនរហូតដល់ជាង ៤០០ ០០០ នាក់ និង ស្លា.ប់ជាង ៤០០០នាក់ ប៉ុន្ដែបច្ចុប្បន្នសាសនិកហិណ្ឌូទាំងនោះ បានធ្វើពិធីដដែលនេះបន្ដទៀត ចំពេលមានការផ្ទុះអូមីក្រុងយ៉ាងខ្លាំង ធ្វើឲ្យអ្នកជំនាញសុខាភិបាល ព្រួយបារម្ភទ្វេដង ពីហានិភ័យ នៃជំងឺដ៏កាចសាហាវនេះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋឥណ្ឌារាប់លាននាក់ ដែលជាសាសនិកហិណ្ឌូ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ បានប្រារព្ធពិធីសាសនារបស់ពួកគេ នៅក្នុងទន្លេគង្គា នាភាគខាងជើងប្រទេស ប្រទេសឥណ្ឌា។ អ្នកគោរពសាសនាហិណ្ឌូទាំងនោះ បានធ្វើពិធីលាងបាប តាមប្រពៃណី និងជំនឿរបស់ពួកគេ ហើយនាំគ្នាចុះមុជទឹកនៅក្នុងទន្លេគង្គា ខណៈវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង កំពុងតែរាតត្បាតយ៉ាងខ្លាំង។

ប្រជាពលរដ្ឋឥណ្ឌារាប់សិបលាននាក់ ជាសាសនិកហិណ្ឌ បាននាំគ្នាពពាក់ពពូន ចុះមុជទឹក នៅត្រង់ចំណុចប្រសព្វ នៃទន្លេបី ដែលគេហៅ ទន្លេសាំងហ្គាម (Sangam) ។ ទន្លេទាំង៣នោះ មានដូចជា ទន្លេគង្គា (Ganges), យ៉ាមុណា (Yamuna) និងសារ៉ាស្វាទី (Saraswati) ស្ថិតក្នុងទីក្រុង ប្រាយ៉ាហ្គ្រាច (Prayagraj) មានចម្ងាយ ២០០គីឡូម៉ែត្រ ពីភាគឦសានទីក្រុង ឡាក់ណាវ (Lucknow) របស់រដ្ឋអ៊ូតតា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា។ ចំណុចប្រសព្វ Sangam នោះសាសនិកហិណ្ឌូ មានជំនឿថា ជាចំណុចទឹកទន្លេដ៏ពិសិដ្ឋ ទើបពួកគេតែងតែទៅប្រារព្ធពិធីងូតទឹករួមគ្នា ជារៀងរាល់ឆ្នាំ។

ការប្រារព្ធពិធីលាងបាបបែបនេះ កាលពីអំឡុងឆ្នាំ២០២១ បានធ្វើឡើង នៅក្នុងរដ្ឋអ៊ូតតារ៉ាខាន់ (Uttarakhand) នៅជាប់រដ្ឋ Uttar Pradesh ហើយសកម្មភាពរបស់ពួកគេ ពពាក់ពូនបែបនេះ បានបង្កឲ្យមានករណីឆ្លងវីរុសបំប្លែងខ្លួន Delta រាតត្បាតយ៉ាងខ្លាំងបំផុត នៅទូទាំងប្រទេសឥណ្ឌា ដោយមានអ្នកស្លាប់ជាង៤០០០នាក់ និងឆ្លងជាង៤០០ ០០០នាក់ ក្នុងរយៈពេល២៤ម៉ោង។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ឥណ្ឌា រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២៦៧ ៣៤៥នាក់ និងមានករណីស្លា.ប់ថ្មី ៤៣០នាក់។ ឥណ្ឌា ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩ លំដាប់លេខ២ នៅលើពិភពលោក មានអ្នកឆ្លងសរុប ជាង៣៦,៨៤លាននាក់ (៣៦ ៨៤៩ ៤៧៤នាក់) ហើយក្នុងនោះ មានអ្នកស្លា.ប់ ៤៨៥ ៧៨០នាក់ និង មានអ្នកជាសះស្បើយ ជាង៣៤,៩៣លាននាក់ (៣៤ ៩៣៨ ១១៣នាក់)។ ដោយឡែកអ្នកជំងឺ ជាង១,៤២លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN