Tuesday, January 18, 2022

មេបញ្ជាការកងទ័ពជើងគោក ៖ ជាតិត្រូវការកងទ័ព ដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយ ដែលរឹងមាំដើម្បីកសាង និងអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ច ដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទផ្ទាល់ ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយតបចំពោះរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ។ ក្នុងពេលចំពោះមុខការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិត ខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែង ផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។

មេបញ្ជាការកងទ័ពជើងគោក បានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន- កងឯកភាពចំណុះ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ក្នុងភូមិសាស្ត្ទទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងព្រឹត្តការណ៍ជាយថាហេតុផ្សេងៗ ជាពិសេស សកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមក។ ក្រៅពីនេះ នៅព្រឹកថ្ងៃនេះ យើងបានសម្ពោធ អគារធ្វើការ អគារស្នាក់នៅ និងទីលានហ្វឹកហ្វឺន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ជាគំរូ សម្រាប់ផ្នែកសឹករងដទៃទៀត ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ