Tuesday, January 18, 2022

សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចាក់វ៉ាក់សាំង ដូសជំរុញដូសទី៤រួចរាល់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤រួចហើយ។

នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នាថ្ងៃ១៤ខែមករានេះ សម្តេចបានសរសេរសារថា សម្តេចនិងភរិយា បានចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការ សុខាភិបាល៣ការពារនិង៣កុំនោះទេ។

សម្តេចមានកម្លាំងការពារយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែងតែពួកគាត់មិនអាច ការពារសម្តចមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។

ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់សម្តេចក៏មិន អាចការពារសម្តចបានដែរ។ និយាយរួមគ្មាន អ្នកណាអាចការពារសម្តេចបានឡើយគឺមានតែរូបសម្តេចខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនសម្តេចបាន។

ទន្ទឹមនេះ សម្តេចក៏បានអំពាវនាវបងប្អូនជនរួមជាតិ អញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង។

សូមជម្រាបថាៈរបាយការណ៍សង្ខេបដែលរៀបចំដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានបង្ហាញថាកំណើន អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី១៣ ខែមករាឆ្នាំ២០២២ លទ្ធផលមានដូចតទៅ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៧២ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២៦ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៥៤ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧. ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,៨៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤.៣១៧ នាក់។
សរុបលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៣៨ភាគរយបានចាក់រួចហើយ ៕ រក្សាសិទ្ធិដោយ ៖ សុភក្រ្តា