Tuesday, January 18, 2022

អន់ចិត្តរឿងអ្វី? វី ឌីណែត ប្រកាសត្រៀមបញ្ចប់អាជីពចម្រៀង នាពេលខាងមុខ

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាចម្រៀង ក្នុងផលិតកម្មហង្សមាសនាង វី ឌីណែត បានប្រកាសយ៉ាងបើកចំហរ ស្តីពីការត្រៀមបញ្ចប់អាជីពចម្រៀងរបស់នាង នាពេលខាងមុខនេះ ដោយគេមិនទាន់ដឹងថា នាងមានបញ្ហា ឬអន់ចិត្តរឿងអ្វី។

តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួន វី ឌីណែត បានបង្ហោះសារយ៉ាងខ្លីថា តិចទៀតឈប់ច្រៀងហើយ ដែលសារមួយនេះ កំពុងត្រូវបានអ្នកលេងហ្វេសប៊ុក និងអ្នកគាំទ្ររូបនាងបាននាំគ្នាជជីកឬសគល់ ពីមូលហេតុនៃការឈប់នេះ ខណះពេលដែលអ្នកខ្លះហាក់ មិនសម្តែងការគាំទ្រចំពោះជំហរខាងលើរបស់តារារូបនេះឡើយ។

យ៉ាងណា បើទោះបីជាមានការជជីកសួរនាំ យ៉ាងច្រើនក៏ដោយ តារាចម្រៀងនាង វី ឌីណែត មិនទាន់មានឃើញឆ្លើយតបជាវិជ្ជមាន ណាមួយទៅកាន់អ្នកគាំទ្ររូបនាងនៅឡើយទេ ក្នុងពេលដែលពួកគេកំពុងរងចាំ យ៉ាងអន្ទះសារនូវចម្លើយពីតារាចម្រៀងរូបនេះ។

មានការដាក់ការសង្ស័យក្រៅផ្លូវការថា មូលហេតុដែល វី ឌីណែត ត្រៀមបញ្ចប់អាជីពសិល្បៈចម្រៀងរបស់នាងនាពេលខាងមុខនេះ ទំនងជានាងអាចនឹងមានគ្រួសារ ឬក៏អាចថា នាងអាចនឹងមានការអាក់អន់ស្រពន់ចិត្តណាមួយចំពោះថ្នាក់ដឹកនាំផលិតកម្មដែលនាងកំពុងជ្រកកោន។
បញ្ហាខាងលើនេះ ចង់មិនចង់គឺតម្រូវអោយ វី ឌីណែត បង្ខំចិត្តនឹងត្រូវចាកចេញពីពិភពសិល្បៈចម្រៀងរបស់នាងទាំងពាក់ណ្តាលទី ក្នុងពេលដែលនាងបានខិតខំ សាងភាពល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ទោះជាយ៉ាងណា ទាក់ទងបញ្ហាខាងលើនេះ តារាចម្រៀងដែលជាឈាមជ័រតែមួយបន្តវេនពីឪពុកលោក ហ៊ួរ ឡាវី នាង វី ឌីណែត បានអះអាងប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយដោយទទួលស្គាល់ថា អ្វីដែលនាងបានបង្ហោះសារនោះ គឺជារឿងពិតប្រាកដមែន។

នាងបញ្ជាក់ថា នាងនឹងបញ្ចប់អាជីពចម្រៀងរបស់នាង នៅអំឡុងពេលប្រមាណ៤ទៅ៥ឆ្នាំខាងមុខនេះ ដោយសារតែនាងហាក់ មានការចាប់ផ្តើមធុញទ្រាន់នឹងអាជីពមួយនេះ ដោយក្នុងនោះនាងចង់រកមុខជំនួញជំនួសវិញ ព្រោះអាជីពសិល្បៈមិនអាចគង់វង្សបានយូរឡើយ។
យ៉ាងណា បើតាម វី ឌីណែត បើទោះបីជានាងអាចនឹងឈប់ច្រៀង នាពេលខាងមុខនេះក៏ដោយ ប៉ុន្តែនាងអាចនឹងពិចារណា ទទួលយកនូវការអញ្ជើញឲ្យនាង ទៅច្រៀងនៅក្រៅប្រទេស ឬក៏ផលិតកម្មណាមួយដែលមាន បំណងហៅនាងទៅច្រៀង។

គួរបញ្ជាក់ថា វី ឌីណែត បានកសាងភាពល្បីល្បាញ ក្នុងពិភពសិល្បៈចម្រៀង បន្ទាប់ពីនាងបានទទួលការជ្រុំជ្រែង ពីឪពុកលោក ហ៊ួរ ឡាវី និងផលិតកម្មហង្សមាស ដែលនាងកំពុងតែជ្រកកោនរហូតមកទល់បច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV