Tuesday, January 18, 2022

ឯកឧត្តមញឹក ប៊ុនឆៃ ៖ អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន ធ្វើការវិភាគផ្ទុយ ពីការពិតទាំងស្រុង ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងថា អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន បានធ្វើការវិភាគផ្ទុយពីការពិតទាំងស្រុង ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា។

ដោយឯកឧត្តមបានបញ្ជាក់ថា បំណងរបស់សម្តេចតេជោចង់យកបទពិសោធន៍ដែលសម្តេចមាន យកទៅចូលរួមជួយដោះស្រាយ បញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ធ្វើយ៉ាងណាឲ្យបានសុខសន្តិភាព និងឲ្យមានស្ថេរភាពឡើងវិញនៅមីយ៉ាន់ម៉ា។

ឯកឧត្តម ញឹក ប៊ុនឆៃ បានអំពាវនាវដល់អ្នកនយោបាយ និងអ្នកវិភាគ សូមឲ្យយកចិត្តទុកដាក់ទៅលើចំណុចសំខាន់មួយដ៏ធំ គឺធ្វើយ៉ាងណាការវិភាគសូមឲ្យគិតពីការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចៀសវាងការធ្វើឲ្យមានការញុះញង់ វ៉ៃប្រហារគ្នា យកគ្នាជាសត្រូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏ផលប្រយោជន៍បក្ខពួកខ្លួន ដោយមិនគិតពីការបែកបាក់របស់ជាតិ របស់ប្រជាជនធ្វើឲ្យកម្ពុជាចុះខ្សោយកិត្តិយស កិត្តិនាមប្រទេស ហើយសូមឲ្យគិតពីបញ្ហាទាំងអស់នេះ។

ឯកឧត្តមបានបន្តថា លោកបានអានព័ត៌មានតាមយូធូប ស្តាប់ការវិភាគរបស់អ្នកវិភាគមួយចំនួន គឺមិនបានឆ្លុះបញ្ចាំងនៅការពិត។ តួយ៉ាងដូចជា ការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺការវិភាគរបស់អ្នកវិភាគមួយចំនួន គឺសុទ្ធតែខុសទាំងអស់ ដែលវិភាគថា សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាបរាជ័យ ទៅកាន់ជើងខាងយោធា តែធាតុពិតទៅវាផ្ទុយពីការពិត។
ហើយបំណងរបស់សម្តេចតេជោចង់យកបទពិសោធន៍ របស់កម្ពុជាដែលសម្តេច បានជ្រាបច្បាស់អំពីបទពិសោធន៍ទាំងអស់នេះ ដើម្បីយកទៅចូលរួមជួយដោះស្រាយបញ្ហាទំនាស់វិបត្តិនៅមីយ៉ាន់ម៉ា គឺបញ្ចប់ការទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋ ការបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា។ ហើយធ្វើយ៉ាងណាឲ្យបានសុខសន្តិភាព និងឲ្យមានស្ថេរភាពឡើងវិញនៅមីយ៉ាន់ម៉ា។ ពិសេសទៅទៀតការធ្វើអាស៊ានមូលផ្តុំគ្នា ១០ប្រទេសឡើងវិញ ដែលនេះសុទ្ធតែជាបំណងប្រាថ្នាររបស់សម្តេចតេជោ ហ៊ុន សែន មិនមែនដូចជាការវិភាគ ការមើលឃើញតែមួយជ្រុងរបស់អ្នកវិភាគមួយចំនួន ដែលបានវិភាគផ្ទុយពីការពិតនោះទេ។ ហើយសម្តេចធ្វើនេះ គឺដើម្បីប្រជាជនមីយ៉ាន់ម៉ាទាំងមូល។

ឯកឧត្តម ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា អ្នកដែលមានមតិផ្ទុយ និងមានការរិះគន់ គួរតែនិយាយពីការពិតខ្លះផង និយាយពីជោគជ័យខ្លះផង ដែលសម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា គឺទទួលបានជោគជ័យធំធេងណាស់ អាចបញ្ចប់ការឈប់បា.ញ់គ្នា ហើយអាចបញ្ចប់ទុក្ខសោក និងបើកឱកាសឲ្យអន្តរជាតិបានយកជំនួយទៅជួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា សុទ្ធតែជាចំណុចដែលមានសារសំខាន់បំផុតដែលចាប់ផ្តើមដំបូង។ ហើយនឹងបន្តក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ និងប្រេសិតពិសេស នឹងបន្តជួយដោះស្រាយបញ្ហាវិបត្តិជម្លោះ នៅមីយ៉ាន់ម៉ាអាចឈានទៅបញ្ចប់បាន។

ប្រធានគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា មីយ៉ាន់ម៉ា និងកម្ពុជាមិនដូចគ្នាទេ វាគ្រាន់តែស្រដៀងគ្នាចំណុចខ្លះ ប៉ុន្តែជារួមគឺមិនដូចគ្នាទេ ដោយនៅមីយ៉ាន់ម៉ាមានជាតិសាសន៍ច្រើន ដោយជនជាតិមួយចំនួនសុទ្ធតែមានកម្លាំងប្រដាប់អាវុធ ដូច្នេះវាមិនងាយស្រួលទេ។ ហើយនេះជាវប្បធម៌ជាប្រពៃណីជាង ៧០ឆ្នាំមកហើយ ដែលមីយ៉ាន់ម៉ាមានបញ្ហាជារៀងរហូតមក មិនដែលមានឯកភាពគ្នាជាធ្លុងមួយទាំងស្រុងនៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ