Tuesday, January 18, 2022

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទាក់ទងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដើម្បីជួយមីយ៉ាន់ម៉ា វិលទៅរកជីវភាពធម្មតាវិញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា ដើម្បីជួយមីយ៉ាន់ម៉ា វិលទៅរកជីវភាពធម្មតាវិញ។

ការគាំទ្ររបស់ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានធ្វើឡើងក្នុងឱកាសជួបសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយក៏ជាប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលលើបញ្ហាមីយ៉ាន់ម៉ាផងដែរ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា “នៅរសៀលនេះ ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ ដោយត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា។ យើងទាំងពីរសោកស្តាយ ដែលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅខេត្តសៀមរាប ត្រូវបានលើកទៅពេលក្រោយ។ ខ្ញុំរីករាយណាស់ ដែលឯកឧត្តមបានសំដែង ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការប្រាស្រ័យទាក់ទង ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា។ យើងបន្តសង្ឃឹមថា នឹងអាចចូលរួមចំណែក តាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ា វិលទៅរកជីវភាពធម្មតាវិញ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី