Tuesday, January 18, 2022

ប្រធានសហព័ន្ធសន្តិភាពសាកល គាំទ្រ និងកោតសរសើរ បេសកកម្មសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ទទួលបានផ្លែផ្កា

ភ្នំពេញ ៖ លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសាកល បានចេញលិខិតមួយច្បាប់ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានលើកឡើងថា វិបត្តិនៅមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន គឺមានសារៈសំខាន់ជាសាកល ហើយកិច្ចខិតខំប្រឹងប្រែងបញ្ចៀសស្ថានការណ៍អាក្រក់នេះ គឺពិតជាចាំបាច់ខ្លាំង ហើយសូមលោកសម្តែងការគាំទ្រ និងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្មសន្តិភាព ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រកបដោយផ្លែផ្កា។

លោកបណ្ឌិត ប្រធានសហព័ន្ធសន្តិភាពសាកល បានបញ្ជាក់ក្នុងលិខិតថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងសម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ គឺទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយកំពុងត្រូវបានធ្វើឡើងឈានឆ្ពោះទៅរកដំណោះស្រាយនៃវិបត្តិបច្ចុប្បន្នជាជំហានៗ។

សហព័ន្ធសន្តិភាពសាកល សូមសម្តែងការអបអរសាទរដល់លទ្ធផលនៃបេសកកម្មសន្តិភាព ដែលបានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម អនុម័តកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ហើយដែលបានបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព នៅមីយ៉ាន់ម៉ា។

សហព័ន្ធសន្តិភាពសាកល សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះលទ្ធផលនិងការ ព្រមព្រៀងគ្នា រួមមាន ៖

១- ការព្រមព្រៀងរក្សាបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២,

២- ការព្រមព្រៀងអនុញ្ញាតឱ្យប្រេសិតពិសេស ជួបជាមួយគ្រប់ភាគីជម្លោះ,

៣- ការព្រមព្រៀងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ សហព័ន្ធសន្តិភាពសាកល សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN