Tuesday, January 18, 2022

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សា ការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន ឯកឧត្តម Will Nankervis បានពិភាក្សាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លើបញ្ហាប្រឈមនៃការដោះស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា។

ជំនួបពិភាក្សាបានធ្វើឡើងនៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី។

លោក Will Nankervis បានថ្លែងលើបណ្តាញ Twitter ឲ្យដឹងថា ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺមាន «ការពិភាក្សាស៉ីជម្រៅលើបញ្ហាប្រឈម នៃការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការអនុវត្ត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-អូស្ត្រាលី និងគាំទ្រដល់ប្រទេសកម្ពុជាជាប្រធានអាស៊ានផងដែរ»។

បើតាមហ្វេសប៊ុករបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា “សូមឲ្យប្រទេសយើងទាំងពីរបន្តរីកចម្រើន និងមានវិបុលភាព។ សូមប្រជាជនយើង ទទួលបានពរជ័យគ្រប់ប្រការ និងរស់នៅប្រកបដោយភាពសុខដុមរមនា!”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី