Tuesday, January 18, 2022

លើកពេលរៀបចំ ពិធីជួបជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន លើកទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចលើកពេលរៀបចំ ពិធីជួបជុំ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកម្មវត្ថុ ៖ ករណីសំណើសូមលើកពេលរៀបចំពិធីជួបជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន កម្ពុជាលើកទី៦ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមលើកពេលរៀបចំពិធីជួបជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន កម្ពុជាលើកទី៦ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ។

បើតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សម្ដេចមានប្រសាសន៍ថា បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីស្រលាញ់រាប់អានទាំងអស់គ្នា ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបាន ផ្ញើសារនេះជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរទិវាជំនួបរវាងប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទំលាប់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ខែមករារៀងរាល់ឆ្នាំ ហើយក៏សូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះ រាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំ រវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លង ជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងគម្រាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ សាន្ត និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងសកលលោក ។

ឆ្នាំនេះគឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មាន កម្ពុជា ដែលជំនួបលើកទី៤កាលពីឆ្នាំកន្លងទៅមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង៥០០០នាក់ ដែល ជាការជួបជុំដ៏ធំប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ក្នុងគោលបំណងបង្កើន សាមគ្គីភាពនិងពង្រឹងភាពជាដៃគូររវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ដើម្បីលើកស្ទួយសិទ្ធិ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយច្បាប់រដ្ឋ និងធានាបាននូវ សុខដុមនីយកម្មនៅក្នុងសង្គម ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ។

គួរជម្រាបផងដែរថា ទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៦ ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា ក្នុងយុគសម័យ ៤.០ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីនិពន្ធនាយក បណ្ណាធិការ ចាងហ្វាង ឬតំណាងសារព័ត៌មានជាច្រើនទៀត ។

យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០” បានបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកស្ទួយសិទ្ធិសេរីភាព ខាងសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយល់ដឹង និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងតម្លៃនៃសារព័ត៌មាន ព្រមទាំងចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៩ បានលើកយកប្រធានបទស្តីពី «សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០» គឺពិតជាមានសារសំខាន់ណាស់ស្របទៅនឹងនិន្នាការសកល ដែលកំពុងបញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីឱ្យបងប្អូនអ្នកសារព័ត៌មានរបស់យើង បានសិក្សាស្វែងយល់ និងចែករំលែកចំណេះដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការវិវត្តបច្ចេកវិទ្យាទំនើបផ្នែកប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ក្នុងគោលដៅជំរុញការធ្វើឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុង ទីផ្សារឱ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន ដែលត្រូវបានការពារដោយច្បាប់រដ្ឋ សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើសកលលោក ដែលកើតចេញប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៃបដិវត្តន៍ឧស្សាហកម្មទី៤។

ក្នុងសាលិខិតបានបន្តថា ក្រៅពីបញ្ហាប្រឈមទៅនឹងព័ត៌មានក្លែងក្លាយ ដែលសកលលោកកំពុងព្រួយបារម្ភ ស្ថាប័នសារព័ត៌មានរបស់យើង ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះដឹងថែមទៀត ទាំងសមត្ថភាពយល់ដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ផលិតព័ត៌មាន ការរក្សាទុកទិន្នន័យនិងបញ្ជូនព័ត៌មានទាំងសមត្ថភាពវិភាគព័ត៌មានក្នុង និងក្រៅប្រទេសឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ និងការចែករំលែកព័ត៌មានបានរហ័សទាន់សភាពការណ៍ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដែលអាចទុកចិត្តបាន ព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលឱ្យបានសមស្របទាន់សភាពការណ៍វិវត្តនៃបច្ចេកវិទ្យាជីឌីថល ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យព័ត៌មានរវាងសារព័ត៌មានប្រពៃណីជាមួយសារព័ត៌មានសម័យថ្មី ក៏ដូចជាការប្រកួតប្រជែងរវាងវិស័យសារព័ត៌មានសម័យថ្មីជាមួយបណ្តាញផ្សព្វផ្សាយសង្គម ដែលកំពុងដណ្តើមទីផ្សារនាពេលបច្ចុប្បន្ន។

សាលិខិតសម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ហើយបានផ្តល់អាទិភាពជាចម្បង នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលទាំងនៅក្នុងដំណាក់កាលទីបី និងដំណាក់កាលទី៤ ដល់វិស័យសារព័ត៌មាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នកសារ ព័ត៌មាន ស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម និងជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេស ឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាង ធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ច ឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេស ទាំងសមត្ថភាពការផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យានិងការប្រកួតប្រជែងទីផ្សារ ឱ្យកាន់តែមានសក្តានុពលថែមទៀត ព្រមទាំងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី