Tuesday, January 18, 2022

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន ពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា និងសម្តែងនូវការព្រួយបារម្ភ រួមចំពោះអំពើហិ.ង្សា ដែលកំពុងបន្តមាន នៅក្នុងប្រទេសនេះ

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន បានពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា ដែលភាគី ទាំងពីរ បានសម្តែងនូវការព្រួយបារម្ភ រួមចំពោះអំពើហិ.ង្សា ដែលកំពុងបន្តមាន នៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងការ សង្កត់ធ្ងន់ថា កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះការឯកភាព និងមជ្ឈភាពភាពរបស់អាស៊ាន ព្រមទាំង ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច របស់អាស៊ាន ក៏ដូចជាការរក្សាអាស៊ាន ១០ប្រទេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីជប៉ុន ដោយសង្ខេបអំពីលទ្ធផលជាវិជ្ជមានន ដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញចេញលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងជំនួយដ៏ថ្លៃថ្លា ក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ កម្ពុជា និងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលនេះ។

រដ្ឋមន្ត្រីការបរទេស ហាយ៉ាហ៊ី បានសម្តែងការអបអរសាទរ ដល់កម្ពុជា ចំពោះការបំពេញតួនាទីជា ប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់សាជាថ្មី អំពីការគាំទ្រ និងការត្រៀមខ្លួនរបស់ជប៉ុន ក្នុងការធ្វើការជិត ស្និទ្ធជាមួយកម្ពុជា ដើម្បីភាពជោគជ័យនៃប្រធានអាស៊ាននេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយលើទំនាក់ទំនងទ្វេភាគី និងបានកត់សម្គាល់ ដោយការពេញចិត្តបំផុតចំពោះវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុ វិស័យរវាងកម្ពុជា និងជប៉ុន។ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងការ ផ្លាស់ប្ដូរលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ខណៈដែលឆ្នាំនេះជាខួបលើកទី៣០នៃបេសកកម្មនៅ ក្រៅប្រទេសលើកដំបូង របស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភា នៃអង្គការ សហប្រជាជាតិ។

បន្ថែមលើជំនួយកន្លងមករបស់ជប៉ុនចំពោះកម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ ១៩ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្នូលនៃប្រទេសកម្ពុជា និងលើវិស័យផ្សេងៗ ទៀត រដ្ឋមន្ត្រី ហាយ៉ាហ្ស៊ី បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ថា ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោម វិស័យផ្សេងទៀត។

ក្រៅពីក្របខ័ណ្ឌទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា ដែលភាគី ទាំងពីរបានសម្តែងនូវការព្រួយបារម្ភរួម ចំពោះអំពើហិ.ង្សាដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងការ សង្កត់ធ្ងន់ថា កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការឯកភាព និងមជ្ឈភាពភាពរបស់អាស៊ាន ព្រមទាំង ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ក៏ដូចជាការរក្សាអាស៊ាន ១០ប្រទេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីជប៉ុន ដោយសង្ខេបអំពីលទ្ធផលជាវិជ្ជមានន ដំណើរទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុន ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេស ហាយ៉ាហ្ស៊ី បានអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែល ទទួលបានការតែងតាំងជាបេសកជនពិសេស របស់ប្រធានអាស៊ាន និងបានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់ ជប៉ុនចំពោះកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការចរចាលើបញ្ហាមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម រួមទាំងបញ្ហាឧបទ្វីបកូរ៉េ។

ចុងបញ្ចប់នៃកិច្ចសន្ទនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការរង់ចាំ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេស ហាយ៉ាហ្ស៊ី មកកម្ពុជា នៅពេលដែលពេលវេលា អំណោយផល។ ឯកឧត្តម រដ្ឋមន្ត្រី ហាយ៉ាហ្ស៊ី ទន្ទឹងរង់ចាំមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំ អាស៊ានពាក់ព័ន្ធ ក្នុងឆ្នាំនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី