បរទេស ៖ រហូតមកដល់ពេលនេះ អ្នកដំណើរតាមផ្លូវអាកាស រាប់សែននាក់ បានប្រឈមនឹងការលំបាកខ្លាំង ក្រោយពេលក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិនានា ខ្វះខាតបុគ្គលិក ហើយសម្រេចចិត្តលុបចោល នូវការហោះហើរ រាប់ពាន់ជើង នៅទូទាំងពិភពលោក។
គិតចាប់តាំងពីថ្ងៃសុក្រ ទី២៤ ខែធ្នូ និង នៅក្នុងអំឡុងពេលពិធីបុណ្យអូណែល នាចុងសប្ដាហ៍កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិ នានា បានសម្រេចចិត្តលុបចោលការហោះហើរ រហូតដល់ជាង ៧៥ ០០ជើង។ ចំនួនេះមិនរាប់បញ្ចូលទៅក្នុងការសម្រេចពន្យារពេលហោះហើរ ប្រហែលជា១ម៉ឺនជើងផ្សេងទៀតនោះឡើយ ហើយករណីនេះ ធ្វើឲ្យអ្នកដំណើរតាមផ្លូវ អាកាសរាប់សែននាក់ ត្រូវប្រឈមនឹងការលំបាក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដំណើរតាមផ្លូវអាកាស រាប់ម៉ឹននាក់ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារផ្អាកការហោះហើរ រាប់ពាន់ជើង នៅលើពិភពលោក។ ចំណែកបុគ្គលិកខ្លះ មានការពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក។ ករណីនេះទើបបណ្ដាលឲ្យមានការខ្វះខាតបុគ្គលិក សម្រាប់បម្រើការងារ នៅក្នុងវិស័យអាកាសចរណ៍នេះ។
បើតាមគេហទំព័រ FlightAware ដែលប្រមូលទិន្នន័យ ពីការហោះហើរអន្ដរជាតិ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិនានា បានលុបចោលការហោះហើរ ជាង៧ ៥០០ជើង ចាប់តាំងពីថ្ងៃសុក្រ ទី២៤ ខែធ្នូ និង នៅក្នុងអំឡុងពេលបុណ្យណូអែល កាលពីចុងសប្ដាហ៍។

ក្រុមហ៊ុនអាកាសចរណ៍នានារបស់ចិន និងសហរដ្ឋអាមេរិក ហាក់ដូចជារងគ្រោះខ្លាំងជាងគេ ហើយក្រុមហ៊ុនទាំងនោះ បានប្រកាស នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ថា នឹងបន្ដពន្យារពេលការហោះហើរ និង លុបចោលជើងហោះហើរបន្ថែមទៀត។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិ ជាច្រើនផ្សេងទៀត បានអះអាងស្រដៀងគ្នា ថា ការលុបចោលជើងហោះហើរទាំងនោះ ក៏ដោយសារតែអាកាសយានិកជាច្រើនរូប ត្រូវធ្វើតេស្ដ រកឃើញវិជ្ជមាន ពីជំងឺកូវីដ-១៩។ ចំណែកបុគ្គលិកជាច្រើននាក់ផ្សេងទៀត ថ្វីបើពួកគេធ្វើតេស្ដ រកឃើញអវិជ្ជមានក្ដី តែពួកគេបានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ ទើបត្រូវធ្វើចត្ដាឡីស័ក៕រក្សាសិទ្ធិដោយ ៖ សារាយSN













