ភ្នំពេញ ៖ ជប៉ុន នឹងមិនបញ្ជូនគណៈប្រតិភូ រដ្ឋាភិបាលទៅចូលរួមការប្រកួតកីឡាអូឡាំពិក រដូវរងា ឆ្នាំ ២០២២ ក្នុងទីក្រុងប៉េកាំងនា ខែកុម្ភៈនោះ ដែលជាការបង្ហាញនូវទង្វើ មួយដែលទំនងជាធ្វើ ឲ្យមានភាពតានតឹង ជាមួយចិនកាន់តែខ្លាំង។

ការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ធ្វើឡើងបន្ទាប់ពីសហអាមេរិក បានផ្តើមការធ្វើពហិការផ្នែកការទូត ក្នុងការប្រកួតកីឡាអូឡាំពិក ជុំវិញការព្រួយបារម្ភអំពីសិទ្ធិមនុស្ស នៅក្នុងប្រទេសចិន បើទោះបីជាប្រទេសជប៉ុន បានជៀសវាងការប្រកាសយ៉ាងច្បាស់ពីទង្វើរបស់ខ្លួនក៏ដោយ។ ខណៈពេលដែលប្រទេសជប៉ុន ជាដៃគូរបស់សហរដ្ឋអាមេរិក ប៉ុន្តែជប៉ុនក៏មានទំនាក់ទំនង សេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិនផងដែរ។
ជាក់ស្តែង ទីក្រុងតូក្យូនឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាក្នុងប្រទេសចិននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ជប៉ុននឹងបញ្ជូនមន្ត្រីមួយចំនួនដែលមានទំនាក់ទំនងផ្ទាល់ទៅកាន់កីឡាអូឡាំពិកជំនួស។ នេះបើតាមការបញ្ជាក់ពីប្រធានគណៈរដ្ឋមន្ត្រីលោក Hirokazu Matsuno ថ្លែងបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ។
បើតាមប្រធានគណៈរដ្ឋមន្ត្រីខាងដើម គណៈប្រតិភូទាំងនោះរួមមានលោក Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំគីឡា Tokyo 2020 ក៏ដូចជាប្រធានគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងស្រុកផងដែរ។

លោក Matsuno បាននិយាយថា៖ «ប្រទេសជប៉ុនជឿថា វាមានសារៈសំខាន់សម្រាប់ប្រទេសចិន ក្នុងការធានានូវសេរីភាព ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងនីតិរដ្ឋ ដែលជាតម្លៃសកល របស់សហគមន៍អន្តរជាតិ។ ប្រទេសជប៉ុនកំពុងដោះស្រាយរឿងទាំងនោះជាមួយប្រទេសចិន ដោយផ្ទាល់នៅកម្រិតផ្សេងៗ»។
លោកបន្តថា៖«ដូចដែលព្រឹត្តិការណ៍ Tokyo Games បានបង្ហាញ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក គឺជាការប្រារព្ធពិធីសន្តិភាព និងកីឡាដែលផ្តល់ភាពក្លាហានដល់ពិភពលោក។ រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានសម្រេចចិត្ត លើការឆ្លើយតបរបស់ខ្លួន ចំពោះកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ដោយយកចំណុចទាំងនោះមកពិចារណា ហើយសម្រេចចិត្តដោយខ្លួនឯង»។
លោក Matsuno បានលើកឡើងថា អវត្ដមានរបស់មន្ត្រីជប៉ុន មិនត្រូវបានធ្វើឡើងនៅក្រោម ពាក្យជាក់លាក់ណាមួយទេ ហើយរដ្ឋាភិបាល មិនបានហៅទង្វើនេះថា ជាការធ្វើពហិការនោះដែរ។ ក្នុងនោះ ទូរទស្សន៍ NHK បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ
នាយករដ្ឋមន្ត្រី Fumio Kishida បានប្រឈមមុខទៅនឹងសម្ពាធ ដែលកំពុងកើនឡើង នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលលោកកំពុងកាន់អំណាច ដើម្បីប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសចិន៕ ប្រភព៖ រ៉យទ័រ




