រដ្ឋធានីណៃពិដោរ ៖ ក្រោយរងសម្ពាធកាន់តែធ្ងន់ ពីមហាអំណាចលោកខាងលិច និង សហគមន៍អន្ដរជាតិ ខណៈផ្ទុះឡើងនូវចលនាតស៊ូ នៅក្នុងប្រទេសកាន់តែយ៉ាងខ្លាំង នៅទីបំផុត មេដឹកនាំរដ្ឋប្រ.ហារយោធាមីយ៉ាន់ម៉ា បានប្រកាសថា ប្រទេសអាស៊ានមួយនេះ មានគម្រោងនឹងរៀបចំបោះឆ្នោត នៅក្នុងខែសីហា ឆ្នាំ២០២៣។

បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រ.ហារយោធាមីយ៉ាន់ម៉ា បានប្រកាសថា មីយ៉ាន់ម៉ា មានផែនការរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅខែសីហា ឆ្នាំ២០២៣។ ការបោះឆ្នោតនេះ នឹងប្រកាន់ខ្ជាប់ តាមពេលវេលារបស់រដ្ឋាភិបាលយោធា ហើយប្រឆាំងនឹងសម្ពាធ មកពីសហរដ្ឋអាមេរិក ចំពោះការរៀបចំការបោះឆ្នោត នាពេលមុននេះ។
លោកឧត្ដមសេនីយ៍យោធា មេដឹកនាំរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា បានបញ្ជាក់ នៅក្នុងអំឡុងពេលជួបប្រជុំជាមួយនឹងប្រធាន និងសាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យយោធា នៅក្នុងទីក្រុងយ៉ាំងហ្គោន ហើយត្រូវបានចាក់ផ្សាយ តាមបណ្ដាញទូរទស្សន៍ MRTV គ្រប់គ្រងដោយរដ្ឋ ថា «ដោយផ្អែកលើស្ថិរភាព និង សន្ដិភាព នៅក្នុងប្រទេស យើងកំពុងតែប្រឹងប្រែយ៉ាងខ្លាំង ដើម្បីរៀបចំឲ្យមានការបោះឆ្នោតជាសកល នៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ»។
មេដឹករដ្ឋប្រ.ហារយោធា បានបន្ថែមថា របបយោធាបានព្យាយាមនិយាយ ជាមួយគណបក្សនយោបាយនានា ជាច្រើនដងរួចមកហើយ ប៉ុន្តែពួកគេមួយចំនួន មិនបានមកជួបជាមួយ មន្ត្រីរៀបចំការបោះឆ្នោត ដែលត្រូវបានតែងតាំង ដោយរបបយោធានោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណា ផែនការនេះនឹងចាត់វិធានការ ចំពោះអ្នកដែលមិនបានប្រព្រឹត្តតាមច្បាប់។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលពួកឧត្ដមសេនីយ៍ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាម លទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អំពើរដ្ឋប្រហារនេះ បានជំរុញឲ្យមានរលក តវ៉ាប្រឆាំងយ៉ាងខ្លាំង នៅទូទាំងប្រទេស។ ចំណែកពួកយោធា ក៏បានបង្រ្កាបយ៉ាងឃោរ.ឃៅទៅលើក្រុមអ្នកតវ៉ា រហូតបង្កឲ្យមានចលនាបះបោរឡើង ហើយមានការវា.យប្រ.យុទ្ធគ្នា យ៉ាងបង្ហូរជាញឹកញាប់ នៅតាមរដ្ឋជាច្រើន។
បើតាមសមាគមជំនួយ អ្នកទោសនយោបាយ ហៅកាត់ AAPP បានឲ្យដឹងថា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារនោះមក ពួកយោធាបានស.ម្លាប់ ពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងតិច ១ ៣៦៥នាក់។ ដោយឡែកមនុស្សជាង ១១ ១០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN







