រដ្ឋធានី Antananarivo ៖ រដ្ឋមន្រ្ដីក្រសួងប៉ូលិសម៉ាដាហ្គាស្ការ បានព្យាយាមហែលកាត់មហាសមុទ្រឥណ្ឌា អស់រយៈពេល១២ម៉ោង ក្រោយពេលឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ កាលពីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅកណ្ដាលមហាសមុទ្រឥណ្ឌា ហើយគាត់នឹងសម្រាកព្យាបាល តែត្រឹមរយៈពេល២៤ម៉ោង នឹងអាចធ្វើការវិញបានហើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ថា លោក Serge Gelle វ័យ៥៧ឆ្នាំ រដ្ឋមន្ត្រីប៉ូលិស នៃប្រទេសម៉ាដាហ្គាស្ការ បានហែលទឹក អស់រយៈពេល១២ម៉ោង ទៅរកទីមានសុវត្ថិភាព ក្រោយពេលឧទ្ធម្ភាគចក្រដឹកគាត់ និង ក្រុមការងារ បានធ្លាក់ នៅកណ្ដាលមហាសមុទ្រឥណ្ឌា ខណៈគាត់កំពុងតែជិះទៅមើលកន្លែង ដែលនាវាលិច ដោយបានសម្លាប់មនុស្ស ៦៤នាក់។
លោក Serge Gelle បានបញ្ជាក់ថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើង កាលពីល្ងាច ថ្ងៃចន្ទ ទី២០ ខែធ្នូ ២០២១។ រីឯអ្នករួមដំណើរ នៅក្នុងឧទ្ធម្ភាគចក្រ ដែលជួបនឹងគ្រោះថ្នាក់នោះ មានមនុស្សចំនួន៤នាក់ ហើយគាត់អង្គុយ នៅលើកៅអី ពីខាងក្រោយអាកាសយានិក។ នៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់ពាក់អាវពោងការពារសុវត្ថិភាព សម្រាប់ហែលទឹកនោះទេ។ ភ្លាមៗនេះ ខ្ញុំបានដោះកៅអីចេញ និង ប្រើប្រាស់វាជាឧបករណ៍ជំនួយ ហើយដោះអ្វីៗដែលធ្ងន់ចេញពីខ្លួន រួចកាន់តែខ្សែក្រវាត់ និងទ្រនាប់ជើងកវែងមួយគូ។ ខ្ញុំធ្វើគ្រប់យ៉ាង ដើម្បីរក្សាជីវិត។
អាជ្ញាធរប្រទេសម៉ាដាហ្គាស្ការ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ ដែលធ្លាក់នោះ គឺស្ថិតក្នុងចំណោមឧទ្ធម្ភាគចក្រ២គ្រឿងរបស់រដ្ឋាភិបាល ដែលដឹកគណៈប្រតិភូ ទៅពិនិត្យកន្លែងដែលនាវាមួយគ្រឿងលិច ដោយបានសម្លាប់មនុស្សយ៉ាងតិច៦៤នាក់។ ប៉ុន្ដែរហូតមកដល់ពេលនេះ សាកសពរបស់ជនរងគ្រោះ នៅលើនាវានោះ ទើបតែរកឃើញបាន ចំនួន២៥នាក់ប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលឧទ្ធម្ភាគចក្រធ្លាក់ លោកឧត្ដមសេនីយ៍ Serge Gelle បានហែលទឹកសមុទ្រ អស់រយៈពេល១២ម៉ោង ហើយត្រូវបានអ្នកនេសាទម្នាក់ បើកកាណូតកាត់ ប្រទះឃើញ និង ស្រង់គាត់នាំមកកាន់មាត់ច្រាំងវិញ។ លោករដ្ឋមន្រ្ដី Gelle បានបង្ហាញខ្លួន នៅលើប្រង់ការ ហើយដៃរបស់គាត់មានសភាពស្លេកស្លាំង និងជ្រីវជ្រួញ ដោយសារទឹក និងអាកាសធាតុដ៏ត្រជាក់។
ក្រោយពេលលោក Serge Gelle បានរួចផុតពីគ្រោះថ្នាក់ ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសម៉ាដាហ្គាស្ការ បានបង្ហោះសារ នៅលើបណ្ដាញសង្គម ថា «គាត់ពិតជាអត្ដពលិកដ៏អស្ចារ្យ ហើយខ្លះហៅគាត់ ជាវីរបុរស …ថែមទៀតផង។
ទោះជាយ៉ាងណា អាជ្ញាធរអាកាសចរណ៍របស់ប្រទេសអាហ្រ្វិកមួយនេះ នៅមិនទាន់បានកំណត់ អំពីមូលហេតុ នៃគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រនេះនៅឡើយ។ ប៉ុន្ដែលោក Gelle បានអះអាងថា ករណីនេះ បណ្ដាលមកខ្យល់បក់ខ្លាំងពេក ទើបធ្វើឲ្យឧទ្ធម្ភាគចក្រ មិនមានលំនឹង ហើយក៏ជួបនឹងគ្រោះថ្នាក់បែបនេះតែម្ដង។ ដោយឡែក អ្នកបើកឧទ្ធម្ភាគចក្រ និងអ្នករួមដំណើរផ្សេងទៀត នៅតែបាត់ខ្លួន នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









