រាជធានីបាងកក ៖ ឥឡូវនេះ ថៃបានចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងឌីជីថលដល់ពលរដ្ឋរបស់ខ្លួន ហើយបានតភ្ជាប់ជាមួយនឹងប្រព័ន្ធឌីជីថលរបស់សហភាពអឺរ៉ុប សម្រាប់បញ្ជាក់ពីការធ្វើដំណើរប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩។

បើតាមសារព័ត៌មាន The Nation Thailand បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ថា លោក Giuseppe Busini អនុប្រធានបេសកកម្ម នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅក្នុងប្រទេសថៃ បានប្រកាស នៅលើគណនីធ្វីតធើររបស់គាត់ ថា បច្ចុប្បន្ន ថៃបានភ្ជាប់ជាមួយនឹងប្រព័ន្ធវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ឌីជីថល របស់សហភាពអឺរ៉ុប។ រីឯវិញ្ញាបនបត្រវ៉ាក់សាំងកូវីដ បានចេញដោយរដ្ឋាភិបាលថៃ ក៏នឹងត្រូវទទួល នៅក្នុងបណ្ដាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប។ ចំណែកវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដឌីជីថលចេញដោយសហភាពអឺរ៉ុប ក៏នឹងត្រូវទទួលស្គាល់ ពីរដ្ឋាភិបាលថៃ ដែរ។
បើតាមមន្រ្ដីរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចិត្តទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ឌីជីថល ចេញដោយរដ្ឋាភិបាលថៃ ម៉ុងតេណេហ្គោ តៃវ៉ាន់ ទុយនីស៊ី និង អ៊ុយរ៉ាហ្គាយ។

លោក Didier Reynders ស្នងការគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា «ឆ្នាំនេះ ជាជោគជ័យមួយ ដែលសហភាពអឺរ៉ុប បានសម្រេចដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ឌីជីថល របស់ខ្លួន។ គិតត្រឹមវេលាខាងលើនេះ មានប្រទេស និងដែនដី ចំនួន៦ នៅទ្វីបទាំង៥ បានតភ្ជាប់ជាមួយនឹងប្រព័ន្ធឌីជីថលរបស់យើង។ យើងនឹងមើលឃើញ អំពីតម្រូវការ និងតម្លៃបន្ថែមទៀត អំពីវិញ្ញាបនបត្របែបនេះ សម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕រក្សាសិទ្ធិដោយ ៖ សារាយSN





