រាជធានីបាងកក ៖ អ្នកជំនាញថៃ បានព្រមានពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) នឹងរាតត្បាតខ្លាំង នៅក្នុងប្រទេសអាស៊នមួយនេះ ហើយវានឹងធ្វើប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ តែទោះជាយ៉ាងណា លោកបានជំរុញឲ្យរដ្ឋាភិបាល បង្កើនការចាក់វ៉ាក់សាំងដូសទី៣ និង កាតព្វកិច្ច ធ្វើចត្ដាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរទាំងអស់។

សារព័ត៌មាន The Nation Thailand បានចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ថា លោកវេជ្ជបណ្ឌិត Yong Poovorawan ជាអ្នកជំនាញខាងវីរុស នៅថ្ងៃពុធ ទី២២ ខែធ្នូ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នឹងឆ្លងរាតត្បាតខ្លាំង នៅក្នុងប្រទេសថៃ។ ករណីនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀត។ ចំណែកការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ត្រឹមតែ២ដូស គឺមិនគ្រប់គ្រាន់ សម្រាប់ការពារ ឬទប់ទល់នឹង Omicron នោះឡើយ។
លោកវេជ្ជបណ្ឌិត Yong Poovorawan បានបញ្ជាក់ថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron បានឆ្លងចូលមកក្នុងប្រទេសថៃ យ៉ាងឆាប់រហ័ស តាមអ្នកទេសចរបរទេស ជាពិសេស ក្រោមកម្មវិធី «Test & Go scheme និង did not undergo quarantine (មិនចាំបាច់ធ្វើចត្ដាឡីស័ក)» ។ ករណីនេះ គឺពិតជាមានការលំបាកខ្លាំង នៅក្នុងការទប់ទល់នឹងវីរុស Omicron ព្រោះវីរុសបំប្លែងខ្លួនថ្មីប្រភេទនេះ អាចស្ថិតក្នុងរយៈពេលភ្ញាស់ ឬអ្នកធ្វើដំណើរអាចឆ្លងមេរោគនេះ នៅត្រឹមពាក់កណ្តាលផ្លូវ។

លោកវេជ្ជបណ្ឌិត Yong Poovorawan បានបន្ថែមថា ប្រទេសថៃ ត្រូវតែដាក់កំហិតនូវការធ្វើចត្ដាឡីស័ក រយៈពេល៧ ឬ១០ ឬ១៤ថ្ងៃ ជាថ្មី ទើបអាចទប់ស្កាត់ការឆ្លងរីករាលដាលវីរុសបំប្លែងខ្លួនថ្មី Omicron បាន។ លោកវេជ្ជបណ្ឌិត បានផ្ដល់យោបល់ដល់រដ្ឋាភិបាលថៃ ត្រូវផ្អាកសកម្មភាពមួយចំនួន ឬកាត់បន្ថយចំនួនអ្នកធ្វើដំណើរ នៅក្នុងឱកាសចូលឆ្នាំថ្មី (ឆ្នាំសកល) នេះ។ ចំណែកស្ថានភាពអូមីក្រុងនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេស ប្រសិនបើរីករាលដាល។
បើគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថៃបានរកឃើញមានករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ជាចង្កោម ចំនួន៤លើក ធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងវីរុសប្រភេទនេះ កើនឡើងដល់៦០នាក់ ខណៈ២០នាក់ផ្សេងទៀត កំពុងតែរង់ចាំលទ្ធផល ពីមន្ទីរពិសោធន៍៕ រក្សាសិទ្ធិដោយ ៖ សារាយSN











