បរទេស ៖ ស្របពេលពិធីបុណ្យណូអែល តាមប្រពៃណីសាសនាគ្រឹស្ដ កាន់តែខិតជិតចូលមកដល់នោះ ប្រធានអង្គការសុខភាពពិភពលោក បានព្រមានពីការរាតត្បាតនូវជំងឺកូវីដ-១៩ជាថ្មីខណៈអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានថ្លែងថា បច្ចុប្បន្ន វីរុសបំប្លែងខ្លួនថ្មី Omicron រកឃើញឆ្លងកើនឡើង រហូតដល់៧៣,២ភាគរយ នៃករណីថ្មី។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ថា ប្រធានអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ ថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នឹងរាតត្បាតលឿនខ្លាំងជាងវីរុសបំប្លែងខ្លួន Delta។ វីរុស Omicron នេះ នឹងឆ្លងទៅលើមនុស្ស ទាំងអ្នកចាក់វ៉ាក់សាំងរួចរាល់ហើយ និង អ្នកទើបនឹងជាសះស្បើយ ពីជំងឺកូវីដ-១៩។
លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភបលោក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ ថា «បច្ចុប្បន្ននេះ យើងមានភស្តុតាងជាក់លាក់ហើយថា វីរុស Omicron កំពុងតែឆ្លងរីករាលដាលលឿនជាងវីរុសបំប្លែងខ្លួន Delta » ទៅទៀត ។

ស្របគ្នានេះដែរ គណៈរដ្ឋមន្រ្ដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោត ដាក់ប្រទេសជាច្រើន ចូលទៅក្នុងបញ្ជីមិនមានការហោះហើរចូលទឹកដីរបស់ខ្លួន រួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ប៊ែលហ្ស៊ិក អាល្លឺម៉ង់ ហុងហ្គារី ម៉ូរ៉ុកកូ ព័រទុយហ្គាល់ កាណាដា ស្វីស និងតួកគី ជាដើម។
ដោយឡែកនៅក្នុងតំបន់អឺរ៉ុប វិញ អាជ្ញាធរអាល្លឺម៉ង់បានច្រានចោលការបិទបុណ្យណូអែល ប៉ុន្តែអាជ្ញាធរប្រទេសនៅតំបន់នេះ បានព្រមានថា រលកទីប្រាំ នៃជំងឺកូវីដ-១៩ មិនអាចបញ្ឈប់បានទេ ព្រោះបច្ចុប្បន្ននេះ វីរុសបំប្លែងខ្លួនថ្មី Omicron នេះ កំពុងតែឆ្លងរាតត្បាត៕ រក្សាសិទ្ធិដោយ ៖ សារាយSN








