រដ្ឋធានីណៃពិដោរ ៖ អ្នកភូមិជនជាតិភូមារាប់រយនាក់ បានរត់គេចខ្លួន ពីការវា.យប្រ.យុទ្ធគ្នា រវាងកងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិច នៅក្នុងប្រទេសអាស៊ានមួយនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា ពួកយោធារបស់កងទ័ពរបស់រដ្ឋាភិបាលយោធា បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយនឹងក្រុមឧទ្ទាមជនជាតិភាគតិចសម្ព័ន្ធជាតិការ៉ែន (KNU) កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងទីក្រុង ឡាយ កាយ ករ (Lay Kay Kaw) ស្ថិតនៅជិតព្រំដែនប្រទេសថៃ។ ការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង បានធ្វើឲ្យអ្នកភូមិរាប់រយនាក់ រត់គេចខ្លួន ឆ្លងកាត់ទន្លេមួយ ដែលជាផ្នែកនៃព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា និងថៃ។
មន្ត្រីរដ្ឋាភិបាលថៃម្នាក់ សុំមិនប្រាប់អត្ដសញ្ញាណ បានបញ្ជាក់ថា ជនជាតិភូមា ចំនួន ៧០០នាក់ បានឆ្លងដែន រវាងប្រទេសទាំង២។ ចំណែកអាជ្ញាធរថៃ ក៏បានផ្ដល់ស្បៀងអាហារ និងទីជម្រកដល់ជនភៀសខ្លួនទាំងនោះផងដែរ។

ដោយឡែក លោកស្រី Naw K’nyaw Paw អគ្គលេខាធិការ នៃអង្គការស្ត្រីការ៉ែន (Karen) បានបញ្ជាក់ថា អ្នកភូមិជនជាតិភូមា ជាង ១០០០នាក់ ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែន បន្ទាប់ពីមេដឹកនាំសហគមន៍ បានចរចាជាមួយអាជ្ញាធរថៃ។
ប្រព័ន្ធផ្សព្វផ្សាយភូមា បានរាយការណ៍ថា ការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងប្រដាប់អាវុធទាំងនេះ បានកើតឡើង ក្រោយពេលកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចូលទៅដល់ទឹកដីការ៉ែន ( KNU) ហើយបានចាប់ខ្លួនអ្នកប្រឆាំងជាច្រើននាក់ រួមទាំងអតីតសមាជិកសភា មកពី អតីតរដ្ឋាភិបាលរបស់លោកស្រី អ៊ោង សាន់ ស៊ូ ជី (Aung San Suu Kyi) ដែលត្រូវពួកយោធាធ្វើរដ្ឋប្រ.ហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN










