រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron កំពុងតែមានវត្ដមាន នៅក្នុងរដ្ឋចំនួន៣៦ នៅក្នុងចំណោមទាំង៥០របស់សហរដ្ឋអាមេរិក ទើបធ្វើឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ហើយព្រមានការផ្ទុះខ្លាំង នៅរដូវរងារ និងជំរុញឲ្យប្រជាពលរដ្ឋ ត្រូវតែទៅចាក់វ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron អាចនឹងផ្ទុះខ្លាំង នៅក្នុងរដូវរងា ហើយលោកប្រធានាធិបតី បានជំរុញដល់ប្រជាពលរដ្ឋ ត្រូវតែទៅចាក់វ៉ាក់សាំង។ ការមិនទទួលការចាក់វ៉ាក់សាំង អាចនឹងធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ និងអាចស្លាប់ ប្រសិនបើឆ្លងវីរុសដ៏កំណាចនេះ។
អង្គការសុខភាពពិភពលោក ធ្លាប់ព្រមាន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ប្រហែលជាមានវត្តមាន នៅក្នុងប្រទេសជាច្រើនទៀត នៅលើពិភពលោក។ ចំណែករណីដ៏ធ្ងន់ធ្ងរ នៃការឆ្លងវីរុស Omicron នេះ ត្រូវបានរកឃើញមានវត្ដមាន នៅក្នុងប្រទេសចំនួន៧៧ រួចមកហើយ។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញពីតម្រុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពីមូលហេតុ នៃការឆ្លងវីរុសបំប្លែងខ្លួន Omicron យ៉ាងឆាប់រហ័ស ខណៈក្រុមអ្នកជំនាញវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យហុងកុង រាយការណ៍ ថា វីរុសបំប្លែងខ្លួនថ្មីនេះ កើនឡើង ប្រហែល៧០ដង នៅក្នុងជាលិកាផ្លូវដង្ហើមរបស់មនុស្ស ក្រោយការឆ្លង ពោលគឺវាឆ្លងលឿនជាងវីរុស Delta ទៅទៀត។
ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បានប៉ាន់ប្រមាណ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ថា ហានិភ័យ នៃការចម្លងវីរុសបំប្លែងខ្លួនថ្មី Omicron គឺឆ្លងខ្ពស់ជាង Delta ចំនួន៣ដង។ ចំណែកវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដូច អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា វាត្រូវគេចាត់ទុកជាវីរុសបំប្លែងខ្លួនឆ្លងលឿនបំផុត។
រហូតមកដល់ពេលនេះ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) កំពុងតែមានវត្ដមាន នៅតាមរដ្ឋយ៉ាងតិច ចំនួន៣៦ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN







