រដ្ឋធានីវ៉ាស៊ីនតោន៖ ព្រឹទ្ធសភាដ៏ច្រើនលើសលុបរបស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកា លើវិស័យការពារជាតិ រហូតដល់ទៅ៧៧៧,៧ពាន់លានដុល្លារ ហើយការចំណាយលើវិស័យយោធាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺផ្តោតគោលយោបាយប្រកួតប្រជែងនឹងឥទ្ធិពលរបស់ប្រទេសចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់ និង នៅលើពិភពលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា ព្រឹទ្ធសភា បានលើកជាសំណួរ អំពីការចំណាយថវិកា លើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកដ៏ច្រើនបំផុត ខណៈក្រុមមន្រ្ដីជាច្រើន ថ្លែងថា ករណីជាការចាំបាច់បំផុត នៅក្នុងពេលមានការប្រកួតប្រជែងនឹងចិន ដែលកំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួន។ ក្រុមសមាជិកព្រឹទ្ធសភាដ៏ច្រើនលើសលុបរបស់សហរដ្ឋអាមេរិក បានអនុម័តថវិកា លើវិស័យការពារជាតិ ចំនួន ៧៧៧,៧ពាន់លានដុល្លារ ដោយកើនឡើង រហូត៥ភាគរយ បើធៀបនឹងឆ្នាំកន្លងមក។
ការអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់សហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានដកកងទ័ពចុងក្រោយរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានខែមុន ហើយនេះជាផ្នែកមួយ នៃការសន្យារបស់លោកប្រធានាធិបតី ក្នុងការបញ្ចប់ «សង្រ្គាមជារៀងរហូត» របស់សហរដ្ឋអាមេរិក។

ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានអនុម័តនូវកញ្ចប់ថវិកា ៧៧៧,៧ពាន់លានដុល្លារ លើវិស័យការពារជាតិ នៅក្នុងសំឡេងគាំទ្រ៨០ ទល់នឹង១០ប្រឆាំង ក្រោយពេលសភាជាន់ទាបរបស់សហរដ្ឋអាមេរិក បានអនុម័ត កាលពីសប្ដាហ៍មុន។
សមាជិកព្រឹទ្ធសភា ភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសធារណរដ្ឋ បានឯកភាពគ្នា គាំទ្រលើការចំណាយដ៏ច្រើនលើសលុប លើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក។ ករណីនេះ គឺអ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិក បានបង្ហាញភាពត្រឹមត្រូវ ដោយចង្អុលទៅការប្រកួតប្រជែង កាន់តែខ្លាំងជាមួយនឹងចិន ដែលកំពុងតែបង្កើនឥទ្ធិពលឥតឈប់ឈរ នៅក្នុងតំបន់ និងពិភពលោក។

លោក Stephen Miles នាយកប្រតិបត្តិ នៃអង្គការ Win Without War មានមូលដ្ឋាន នៅ ក្នុងទីក្រុងវ៉ាស៊ីនតោន បានប្រាប់ដល់សារព័ត៌មាន Al Jazeera ថា ក្រោយពេលបញ្ចប់សង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែនៅពលេនេះ យើងមើលឃើញថា សហរដ្ឋអាមេរិកកំពុងតែយកចិត្តទុកដាក់ ផ្លាស់ប្តូរគោលដៅឆ្ពោះទៅរកប្រទេសចិន ឥឡូវនេះយើងកំពុងឮថា ការគំរាមកំហែងនោះ នឹងផ្តល់ភាពត្រឹមត្រូវ។ ចំណែកសមាជិកព្រឺទ្ធសភារបស់សហរដ្ឋអាមេរិក បានលើកឡើង ពីការប្រឈមមុខជាមួយនឹងប្រទេសចិន ជាអាទិភាពដ៏ចម្បង សម្រាប់កញ្ចប់ថវិកាលើវិស័យការពារជាតិដ៏មហាសាល ដែលគេស្គាល់ថា ច្បាប់អនុញ្ញាតលើវិស័យការពារជាតិ (NDAA) ។
លោកស្រី Elaine Luria សមាជិកព្រឹទ្ធសភា មកពីបក្សប្រជាធិបតេយ្យអភិរក្ស បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីតធើរ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា ច្បាប់នេះធ្វើឱ្យមានការវិនិយោគដ៏សំខាន់ នៅក្នុងវិស័យការពារជាតិរបស់យើង និង ចាត់វិធានការសំខាន់ៗ ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ចិន ដែលចេះបង្កើនឥទ្ធិពលរបស់ខ្លួន»៕ រក្សាសិទ្ធិដោយ ៖ សារាយSN
















