រដ្ឋធានីម៉ានីល ៖ ស្របពេលខ្យល់ព្យុះទីហ្វុងមានកម្លាំងខ្លាំង កំពុងតែរំកិលខ្លួន ចូលទៅជិតដល់ប្រទេស ក្នុងល្បឿនយ៉ាងលឿននោះ អាជ្ញាធរហ្វីលីពីន បានជម្លៀសប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ចេញពីតំបន់ខ្យល់ព្យុះនេះឆ្លងកាត់។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ថា ការិយាល័យអាកាសធាតុហ្វីលីពីន បានបញ្ជាក់ថា «ខ្យល់ Typhoon Rai នេះ គឺមានកម្លាំងខ្លាំង ហើយវាអាចបង្កឲ្យគ្រោះមហន្ដរាយយ៉ាងខ្លាំង ខណៈអង្គការកាកបាទក្រហមអន្តរជាតិ បានព្រមានដល់អ្នកស្រុក ឱ្យត្រៀមខ្លួន ជម្លៀសចេញពីតំបន់ព្យុះដ៏ខ្លាំងបំផុតប្រចាំឆ្នាំនេះ ឆ្លងកាត់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ក៏កំពុងតែជម្លៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ភាគកណ្ដាល និង ភាគខាងត្បូង ដោយសារព្យុះទីហ្វុង មានកម្លាំងខ្លាំង និងមានល្បឿនលឿន អាចបង្កឲ្យមានការរអិលបាក់ដី បន្ថែមទៀត។
ការិយាល័យអាកាសធាតុហ្វីលីពីន បានបញ្ជាក់ នៅក្នុងសេចក្ដីរាយការណ៍ចុងក្រោយរបស់ខ្លួន ថា ព្យុះកំណាចទីហ្វុងរ៉ៃ នឹងបោកបក់ នៅក្នុងល្បឿន ១៨៥គីឡូម៉ែត្រ ទៅ២៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈវាទៅដល់តំបន់ភាគកណ្ដាល។ ព្យុះនេះកំពុងតែតម្រង់ទៅដៅយ៉ាងលឿន ឆ្ពោះទៅកាន់ខេត្ដកោះDinagat និងខេត្ត Surigao នាភាគកណ្តាល នៃតំបន់ភាគខាងកើត ប្រទេសហ្វីលីពីន។

ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយខេត្ត Surigao del Norte បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងខេត្ត Surigao del Norte ស្ថិតក្នុងតំបន់ Mindanao មានអ្នកស្រុក ចំនួន ៥១ ០០០នាក់ ត្រូវបានជម្លៀសចេញហើយ។
តំបន់ចំនួន៨ នៅក្នុងប្រជុំកោះ ភាគកណ្ដាល និង ខាងត្បូង ស្ថិតក្នុងតំបន់ Visayas និង Mindanao មានប្រជាពលរដ្ឋរស់នៅ សរុប ជាង៣០លាននាក់។ រីឯតំបន់ផ្សេងៗទៀត ក៏ត្រូវបានណែនាំឲ្យមានការជម្លៀស ចេញពីតំបន់ មុខខ្យល់ព្យុះឆ្លងកាត់ដែរ។ ចំណែកផ្នែកខ្លះ នៃភាគខាងកើត តំបន់ Visayas គឺអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ជាង ១៧ ០០០នាក់រួចទៅហើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN






