ទីក្រុងហុងកុង ៖ អគ្គីបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមនុស្សចំនួន៣០០នាក់ជាប់ នៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ស្ថិតក្នុងតំបន់ Causeway Bay ទីក្រុងហុងកុង កាលពីវេលាម៉ោង១២ និង៣៧នាទីរសៀល ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ហើយមនុស្ស១ ២០០នាក់ត្រូវបានជម្លៀសចេញភ្លាម។

បើតាមសារព័ត៌មាន South China Morning Post បានចេញផ្សាយ នៅថ្ងៃទី១៥ ខែធ្នូ ថា មនុស្ស១ ២០០នាក់ ត្រូវបានជម្លៀសចេញ ខណៈមានការទុស្សេចរន្ដអគ្គិសនីឆាបឆេះអគារជាន់ទី៣៩ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងហុងកុង។ នៅក្នុងហេតុការណ៍នោះ មនុស្សរាប់រយនាក់ជាប់ នៅជាប់នៅលើអគារ ហើយយ៉ាងតិច១៣នាក់ផ្សេងទៀត រងរបួស។
ដោយឡែកសារព័ត៌មាន Daily Mail បានចេញផ្សាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថា មនុស្សរាប់រយនាក់ បានជាប់ នៅលើអគារ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ស្ថិតក្នុងទីក្រុងហុងកុង ប្រទេសចិន ក្រោយពេលមានគ្រោះអគ្គិភ័យផ្ទុះឡើង។ ភ្លើងបានចាប់ផ្ដើម ឆាបឆេះ នៅជាន់ទី៣៩ នៃអគារខ្ពស់កប់ពពក ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។

ភ្លាមៗនោះ ក្រុមជួយសង្រ្គោះ និងក្រុមពន្លត់អគ្គិភ័យ បានចេញទៅធ្វើអន្ដរាគមន៍ ជួយជនរងគ្រោះទាំងនោះ ឲ្យគេចផុតពីគ្រោះថ្នាក់។ នៅក្នុងហេតុការណ៍នោះ មានមនុស្សចំនួន៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារពួកគេឈ្លក់នឹងផ្សែង។ ប៉ុន្ដែទោះជាយ៉ាងណា ក៏មិនមានសេចក្ដីរាយការណ៍ពីករណីស្លាប់នោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








