រដ្ឋធានី Port-au-Prince ៖ រថយន្ដដឹកប្រេងសាំងមួយគ្រឿង បានក្រឡាប់ ហើយផ្ទុះឆាបឆេះរាលដាលដល់អគារលំនៅឋាន បណ្ដាលឲ្យមនុស្សស្លា.ប់កើនដល់យ៉ាងតិច៧៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងតំបន់សាម៉ារី (Samarie) ទីក្រុង ខេពហៃទៀន (Cap-Haitien) ភាគខាងជើង ប្រទេសហៃទី។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៥ ខែធ្នូ ថា ឧបទ្ទវហេតុក្រឡាប់រថយន្ដប្រេងឥន្ធនៈនោះ បានស.ម្លាប់មនុស្ស យ៉ាងតិច៧៥នាក់បានស្លា.ប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈពួកគេបាននាំរត់ទៅដងប្រេងសាំង ដែលកំពប់ ចេញពីរថយន្តនោះ។ នេះជាហេតុការណ៍ដ៏ចុងក្រោយបង្អស់ នៅក្នុងប្រទេសសមុទ្រការីបប៊ីន (Caribbean) ដែលកំពុងញាំញីនឹងភាពក្រីក្រ ដោយសារតែវិបត្ដិនយោបាយ កំពុងតែជាប់គាំង។
លោក ផាទ្រីក អាល់ម៉ូន័រ (Patrick Almonor) អភិបាលរងក្រុង Cap-Haitien បានបញ្ជាក់ថា ឧបទ្ទវហេតុដ៏រន្ធត់នេះ បានស.ម្លាប់ពលរដ្ឋហៃទីយ៉ាងតិច៧៥នាក់។ ចំណែក អាជ្ញាធរកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀត នៅក្នុងអគារ ដែលត្រូវភ្លើងឆាបឆេះនោះ។

លោក Patrick Almonor បានបន្ថែមថា លោកមានការន្ធត់ និង សង្វេគនៅក្នុងចិត្តខ្លាំងណាស់ នៅពេលឃើញទិដ្ឋភាពដ៏គួរឱ្យខ្លាចផ្សាបំផុត គឺមនុស្សរាប់សិបនាក់ ត្រូវបានឆេះទាំងរស់។ ប៉ុន្ដែនៅពេលនេះ យើងនៅតែមិនអាចកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះបាននៅឡើយ។
នាយកដ្ឋានការពារជនស៊ីវិលហៃទី បានឲ្យដឹង ថា រថយន្តដឹកប្រេងមួយគ្រឿងនោះ ត្រូវបានគេជឿ ថា វាបានក្រឡាប់ ក្រោយពេលអ្នកបើកបរបាត់បង់ម្ចាស់ការ ហើយកំពុងព្យាយាមបើកគេច ចេញពីម៉ូតូមួយគ្រឿង។ ដោយឡែក អ្នកធ្វើដំណើរបានឆ្លងកាត់នៅទីនោះ ក៏ប្រញាប់ប្រញាល់ មកដងប្រេងសាំង ដែលកំពប់ ចេញពីរថយន្តនោះ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងអាណោចអាធ័មបែបនេះកើតឡើង។ រីឯអគ្គិភ័យ ដែលបង្កឡើង ពីការផ្ទុះឆេះរថយន្ដនោះ ក៏រាលដាល ឆាបឆេះអគារជាច្រើនទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN






