Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ឆ្លងរាតត្បាតដល់ប្រទេសជិត៨០ នៅទូទាំងពិភពលោក

បរទេស៖ ចាប់តាំងពីការរកឃើញជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង រហូតមកដល់ថ្ងៃទី១៥ ខែធ្នូ អង្គការសុខភាពពិភពលោក ហៅកាត់ «WHO» បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) កំពុងតែមានវត្ដមានរួចមកហើយ នៅក្នុងប្រទេសចំនួន៧៧ នៅជុំវិញពិភពលោក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថា អង្គការសុខភាពពិភពលោក បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ប្រហែលជាមានវត្តមាន នៅក្នុងប្រទេសជាច្រើនទៀត នៅលើពិភពលោក។ ករណីដ៏ធ្ងន់ធ្ងរ នៃវីរុស Omicron នេះ ត្រូវបានរកឃើញ នៅក្នុងប្រទេសចំនួន៧៧។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានថ្លែងថា វីរុស Omicron នេះ ប្រហែលជាមានវត្ដមាន នៅក្នុងប្រទេសជាច្រើនទៀត ដែលមិនទាន់រកឃើញ ហើយវាកំពុងរីករាលដាល នៅក្នុងអត្រាមួយ ដែលមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះស្ថានភាព នៃវីរុសបំប្លែងខ្លួនថ្មី Omicronn នេះ កំពុងតែស្ថិតក្នុងការមិនអាចប៉ាន់ស្មានបាននៅឡើយ។

លោកវេជ្ជបណ្ឌិត Tedros បានបន្ថែមថា «ជាការពិតណាស់ យើងសិក្សា នៅពេលនេះ ឃើញថាយើងកំពុងតែមើលស្រាលទៅលើមេរោគនេះ នៅក្នុងកម្រិតមួយប្រកបដោយគ្រោះថ្នាក់របស់យើង។ បើទោះជា Omicron បង្កឱ្យមានអាការជំងឺមិនសូវធ្ងន់ធ្ងរក៏ដោយ ហើយករណីជាច្រើន អាចគ្របដណ្ដប់លើប្រព័ន្ធសុខភាព ដែលមិនបានរៀបចំទុកជាមុន។

លោកវេជ្ជបណ្ឌិត Tedros ប្រធាន WHO បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ថា Omicron កំពុងតែឆ្លងរាតត្បាត នៅក្នុងអត្រាមួយ ដែលយើងមិនអាចឃើញ ដូចគ្នានឹងវីរុសបំប្លែងខ្លួន ពីមុនៗមកដែរ។

ដោយឡែក រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាស កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា ប្រទេសទាំង១១ នៅក្នុងបញ្ជីក្រហម នៃការធ្វើដំណើររបស់អង់គ្លេស នឹងត្រូវដកចេញ ហើយរដ្ឋមន្ត្រីសុខាភិបាល លោក Sajid Javid បានថ្លែង ថា វីរុសបំប្លែងខ្លួនថ្មី Omicron នេះ បានរីករាលដាលយ៉ាងទូលំទូលាយ។ ដូច្នេះ ច្បាប់នឹងលែងត្រូវនឹងគោលដៅនោះទៀតហើយ។ ចំណែកអង់គ្លេស ក៏ស្ថិតក្នុងបណ្ដាប្រទេសអឺរ៉ុប កំពុងតែរឹតបន្ដឹងដល់វិធានការនានា ចំពេលមានការព្រួយបារម្ភអំពីវីរុស Omicron នេះ។

វីរុស Omicron ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីពេលនោះមក ប្រទេសនេះមានការកើនឡើង នៃចំនួនឆ្លងវីរុស Omicron នេះ។ ដោយឡែក លោក Cyril Ramaphosa ប្រធានាធិបតី នៃប្រទេសនេះ ក៏បានធ្វើតេស្ត រកឃើញវិជ្ជមាន នៃជំងឺកូវីដ-១៩ ក្រោយពេលលោកវិលត្រឡប់ពីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ហើយបច្ចុប្បន្ន កំពុងតែធ្វើចត្ដាឡីស័ក តែគាត់មានរោគសញ្ញាស្រាល៕

×