រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលខ្យល់ព្យុះកំបុតត្បូងវាយរលំឃ្លាំងទំនិញរបស់ក្រុមហ៊ុន Amazon របស់លោក Jeff Bezos មហាសេដ្ឋីលេ១នៅលើពិភពលោករបស់សហរដ្ឋអាមេរិក បណ្ដាលឲ្យបុគ្គលិក៦នាក់ស្លាប់នោះមក ពលរដ្ឋអាមេរិក ជាពិសេស សាច់ញាតិជនរងគ្រោះបានរិះគន់ដល់ក្រុមហ៊ុន ជុំវិញគោលនយោបាយសុខភាព និង សុវត្ថិភាព នៅក្នុងឃ្លាំងស្ដុកទំនិញ នៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា ប្អូនស្រីរបស់ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងនោះ បានថ្លែង នៅតាមបណ្ដាញសង្គមថា «រឿងនេះនឹងមិនកើតឡើងទេ ប្រសិនបើពួកគេខ្វល់ខ្វាយពីជីវិត ជុំវិញផលិតភាពនេះ»។
ទោះជាយ៉ាងណា កុ្រមហ៊ុន Amazon បានអះអាងថា ក្រុមការងាររបស់ខ្លួន នឹងធ្វើការងារនេះឲ្យបានលឿន ដើម្បីឆ្លើយតបនឹងព្យុះកំបុតត្បូង។ ចំណែកឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន ស្ថិតក្នុងទីក្រុង Edwardsville រដ្ឋ Illinois ត្រូវបានព្យុះកំបុតត្បូងវាយរលំ បណ្ដាលឲ្យបុគ្គលិក ចំនួន៦នាក់ស្លា.ប់ កាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ។
លោក Kelly Nantel អ្នកនាំពាក្យ ក្រុមហ៊ុន Amazon បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមហ៊ុនរបស់លោក មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់បុគ្គលិកក្រុមហ៊ុន នៅក្នុងហេតុការណ៍ព្យុះកំបុតត្បូងនោះ។

ព្យុះកំបុតត្បូងដ៏មានកម្លាំងខ្លាំង ដែលមានល្បឿន រហូតដល់៣២២គីឡូម៉ែត្រ ក្នុង១ម៉ោង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានវាយប្រហារទៅលើរដ្ឋរបស់សហរដ្ឋអាមេរិក ចំនួន៦ដោយបានសម្លាប់មនុស្ស ជាង១០០នាក់ ហើយបង្កឲ្យខូចខាតផ្ទះសម្បែង និងកន្លែងអាជីវកម្មយ៉ាងច្រើន ។ទោះជាយ៉ាងណា អាជ្ញាធរសហរដ្ឋអាមេរិក មិនទាន់បានបញ្ជាក់ អំពីទំហំខូចខាត នៅឡើយ។
ស្ថាបនិករបស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos មហាសេដ្ឋីលេខ១ នៅលើពិភពលោក ក៏ធ្លាប់រងការរិះគន់ បន្ទាប់ពីបានបង្ហោះរូបភាពរបស់អវកាសយានិក ដែលទើបតែត្រឡប់ មកពីដំណើរទេសចរណ៍លើអវកាស។ជាមួយគ្នានេះក្រុមហ៊ុន Amazon ក៏បានចំណាយលុយ ចំនួន១លានដុល្លារ ជួយដល់មូលនិធិសហគមន៍ Edwardsville ក៏ដូចជា ផ្ដល់ជំនួយសង្គ្រោះ រួមមាន ការដឹកជញ្ជូន ស្បៀងអាហារ និងទឹក ក្រោយមានគ្រោះធម្មជាតិដ៏កំណាចនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN









