រដ្ឋធានីម៉ិកស៊ីកូ ៖ ជនចំណាកស្រុកជាង១០០នាក់ បានធ្វើដំណើរតាមរថយន្ដទ្រេលើរមួយគ្រឿង មកពីប្រទេសហុងឌូរ៉ាស់ ស្រាប់តែជួបនឹងចង្រៃ ជ្រុលទៅបុ.កស្ពាន ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សយ៉ាងតិច៥៣នាក់ស្លា.ប់ និង ៥៤នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានមួយតភ្ជាប់ផ្លូវដ៏សំខាន់ទៅកាន់ទីក្រុងធំ Tuxtla Gutiérrez របស់រដ្ឋ Chiapas ប្រទេសម៉ិកស៊ិក។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ បានចេញផ្សាយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ថា អាជ្ញាធរម៉ិកស៊ិក បានអះអាងថា មុនពេលជួបនឹងគ្រោះថ្នាក់ចរាចរណ៍នោះ ជនចំណាកស្រុក ប្រហែលជាង១០០នាក់ បានធ្វើដំណើរមកពីប្រទេសអាមេរិកកណ្ដាល តាមរថយន្ដធុនធំមួយគ្រឿង ប្រភេទរថយន្ដទ្រេលើរ ។ លុះពេលធ្វើដំណើរមកមកដល់ចំណុចកើតហេតុ រថយន្ដបានបុ.កស្ពាន ហើយក្រឡាប់។
អាជ្ញាធរម៉ិកស៊ីក បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក បណ្ដាលឲ្យមនុស្សយ៉ាងតិច៥៣នាក់បាត់បង់ជីវិត និង៥៤នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោក Luis Manuel Garcia ប្រធានទីភ្នាក់ងារការពារជនស៊ីវិលរដ្ឋ Chiapas បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានសម្លាប់មនុស្សយ៉ាងតិច ៥៣នាក់ និង៥៤នាក់ផ្សេងទៀត រងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះទាំងនោះ រួមមាន បុរស ស្រ្ដី និង កុមារ ហើយពួកគេ ភាគច្រើន ជាជនចំណាកស្រុក មកពីប្រទេសហុងឌូរ៉ាស់ (Honduras) ។
ជាមួយគ្នានេះ លោក Andrés Manuel López Obrador ប្រធានាធិបតីម៉ិកស៊ិក បានសរសេររៀបរាប់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកស្ពាននេះ គឺ«ជាការឈឺចាប់ដ៏ខ្លាំងបំផុត» លោកមានការសោកសង្រេងក្រៃលែង ចំពោះសោកនាដកម្មនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN





