បរទេស ៖ ក្រោយពេលរកឃើញដំបូងវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នោះមក ធ្វើឲ្យពិភពលោក កាន់តែភ័យខ្លាច ហើយទើបតែពេលនេះ ប្រធានទីប្រឹក្សាវេជ្ជសាស្រ្ដរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និង ជានាយកវិទ្យាស្ថានជាតិ នៃជំងឺអាលែហ្ស៊ី និង ជំងឺឆ្លង បានប្រាប់ថា វីរុស Omicron នេះ មិនសាហាវដូច Delta ទេ បើទោះជាវាឆ្លងលឿនជាងក្ដី។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ថា លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្រ្ដរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និង ជានាយកវិទ្យាស្ថានជាតិ នៃជំងឺអាលែហ្ស៊ី និង ជំងឺឆ្លង បានបញ្ជាក់ កាលពីថ្ងៃទី៧ ខែធ្នូ (ពេលវេលានៅអាមេរិក) ថា បើតាមលទ្ធផលតាមដានបឋម ធ្វើឲ្យយើងអាចសន្និដ្ឋានបានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron មិនមានអ្វី ត្រូវភ័យខ្លាចខ្លាំង ដូចវីរុសបំប្លែងខ្លួន Delta ទេ។ បច្ចុប្បន្ន Delta នេះ កំពុងតែរាតត្បាតខ្លាំង នៅលើទឹកដីសហរដ្ឋអាមេរិក នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា មន្រ្ដីជំនាញ កំពុងតែតាមដានពីផលប៉ះពាល់ធ្ងន់ធ្ងររបស់វា ហើយត្រូវការពេលវេលាពីរទៅបីសប្តាហ៍ទៀត ទើបវាយតម្លៃពីគ្រោះថ្នាក់របស់វាឲ្យច្បាស់លាស់។

លោកវេជ្ជបណ្ឌិត Anthony Fauci កំពូលមន្រ្ដីជំនាញរោគឆ្លងរបស់សហរដ្ឋអាមេរិក បានបន្ថែមថា ការតាមដានដំណាក់កាលពីដំបូង ក្រុមអ្នកវិទ្យាសាស្ត្រ បានពន្យល់ថា «វីរុសកូវីដ-១៩បំប្លែងថ្មី Omicron នេះ ស្ទើរតែមិនបង្កឲ្យអ្នកជំងឺ ឈឺធ្ងន់ ដូចជា វីរុសបំប្លែងខ្លួនថ្មី Delta ដែលរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ។ ដោយឡែក សមត្ថភាព នៃការចម្លងរបស់វីរុស Omicron វិញ លឿងជាង Delta ដែលកំពុងរាតត្បាតខ្លាំង លើពិភពលោក នាពេលសព្វថ្ងៃនេះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN




