រដ្ឋធានីវ៉ាស៊ីនតោន ៖ មន្រ្ដីជំនាញសុខាភិបាលសហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ជាលើកដំបូង នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយឆ្លងលើអ្នកដំណើរមកពីទ្វីអាហ្វ្រិក។
បើតាមសារព័ត៌មាន CBS Losangeles បានចេញផ្សាយ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថា មជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក និង នាយកដ្ឋានសុខាភិបាលសាធារណៈរដ្ឋកាលីហ្វ័រញ៉ា បានអះអាង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថា មន្រ្ដីជំនាញសុខាភិបាលសហរដ្ឋអាមេរិក បានរកឃើញករណី Omicron ដំបូងលើ អ្នកដំណើរម្នាក់ ដែលវិលត្រឡប់មកពីប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការរកឃើញករណី Omicron នេះ ដោយសារក្រុមអ្នកស្រាវជ្រាវ បានញែកហ្សែនរបស់វា នៅក្នុងសាកលវិទ្យាល័យ California, ទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា

វីរុសបំប្លែងខ្លួនថ្មី Omicron នេះ ត្រូវបានរកឃើញ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្ដែអ្នកវិទ្យាសាស្រ្ដផ្នែកវេជ្ជសាស្រ្ដ នៅមិនទាន់បានបញ្ជាក់ អំពីការចម្លង និង គ្រោះថ្នាក់របស់វានោះទេ។ ប៉ុន្ដែគេគ្រាន់តែដឹងថា វាមានដៃតោងជាង៣០ ខណៈវីរុសបំប្លែងខ្លួន Delta មានត្រឹមតែ១៨។ ជាមួយគ្នានេះ សេតវិមាន ក៏បានដាក់បម្រាមដល់អ្នកធ្វើដំណើរបរទេស មកពីប្រទេសចំនួន៨ រួមមាន ប្រទេសអាហ្វ្រិកខាងត្បូង Botswana, Zimbabwe, Namibia, Lesotho, Eswatini, Mozambique និង Malawi ។ ប៉ុន្ដែបម្រាមនេះ មិនបានដាក់ទៅលើពលរដ្ឋអាមេរិក ឬអ្នកមានលំនៅអចិន្រ្ដៃយ៍នោះឡើយ។

មជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា បុគ្គល ដែលរកឃើញមានវិជ្ជមាន នៃវីរុស Omicron នោះ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ដូសរួចរាល់ហើយ។ ប៉ុន្ដែករណីនេះ គ្រាន់តែចេញរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយស្ថានភាពសុខភាពរបស់អ្នកជំងឺ មានភាពប្រសើរឡើងវិញហើយ ខណៈកំពុងធ្វើចត្តាឡីស័ក ដោយខ្លួនឯង។ ចំណែកអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺនេះក៏បានធ្វើតេស្តរួចហើយ ដោយទទួលបានលទ្ធផល «អវិជ្ជមាន»ទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ សារាយSN







