Sunday, December 5, 2021

អង្គការ​លី​កា​ដូ ចេញសេចក្តីថ្លែងការណ៍អំពី បច្ចុប្បន្នភាព​ស្ថានភាព​៖​ ​ការបៀតបៀន ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (អន​ឡា​ញ) ​នៅ​កម្ពុជា

ភ្នំពេញ ៖ នា​ថ្ងៃនេះ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ (​អង្គការ​លី​កា​ដូ) ​ចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ “​បច្ចុប្បន្នភាព​ស្ថានភាព​” ​ដើម្បី​បង្ហាញ​ពី​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​គឺ​ក្រុមហ៊ុន​ហ្វេសប៊ុក​ (​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន​ ​មេ​តា​) ​។​ ​នៅ​រយៈពេល​២​ស​ប្ដាហ៍​បន្ទាប់​នេះ​ ​យើងខ្ញុំ​ ​នឹង​ចែករំលែក​ការ​រក​ឃើញ​ពី​ការស្ទង់មតិ​របស់យើង​ជាមួយ​មនុស្សជា​ង​ ​៧​០​០​នាក់​ ​។​

​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​ថា​ ​អ្នកចូលរួម​ស្ទង់មតិ​ជាង​មួយភាគបី​ (​៣​៨​%) ​បាន​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​។​ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​យុវជន​ ​និង​សកម្មជន​ ​បាន​រាយការណ៍​ពី​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ក្នុង​អត្រា​ខ្ពស់​ជាងគេ​ ​។​ ​លើស​ពី​នេះ​ ​២​០​%​នៃ​អ្នកចូលរួម​ស្ទង់មតិ​ជា​ស្រ្តី ​ធ្លាប់​ត្រូវ​បាន​បៀតបៀន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​។​

​នៅ​ថ្ងៃ​ទីមួយ​នៃ​ការ​ប្រារព្ធ​ “​យុទ្ធនាការ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​” ​ឆ្នាំ​២​០​២​១​ ​របាយការណ៍​នេះ​បង្ហាញ​ថា​ ​ស្ត្រី​ត្រូវ​បាន​ដាក់​គោលដៅ​ជា​ញឹកញាប់​ ​ពាក់ព័ន្ធ​ការរើសអើង​ ​និង​បៀតបៀន​ផ្អែកលើ​យេ​ន​ឌ័រ​ ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ហើយ​ជា​លទ្ធផល​ពួក​គេជាច្រើន​តែង​បង្ខំចិត្ត​នៅ​ស្ងៀមស្ងាត់​ ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​គួរតែ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ ​សម្រាប់​មនុស្ស​គ្រប់រូប​ ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ​សម្ដែង​មតិ​ ​ចែករំលែក​គំនិត​យោបល់​ ​និង​រឿង​ផ្សេងៗ​ច្រើន​ទៀត​ ​។​ ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ ​ហ្វេសប៊ុក​ ​និង​អាជ្ញាធរ​កម្ពុជា​ ​គួរតែ​ចាត់វិធានការ​បន្ថែម​ទៀត​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ​អាច​រីករាយ​នឹង​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​នៅ​លើ​ប្រព័ន្ធ​អន​ឡា​ញ​ ​។​

តើ​អ្វី​ទៅជា​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​?
​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​គឺជា​សកម្មភាព​ទាំងឡាយ​ណា​ដែល​ស្ដែង​ចេញ​ ​ឬ​អាច​នឹង​នាំ​ឱ្យ​មាន​ ​ការ​ប៉ះពាល់​ ​ឬ​ការ​រងគ្រោះ​ផ្នែក​ផ្លូវ​កាយ​ ​ផ្លូវ​ភេទ​ ​ផ្លូវចិត្ត​ ​ឬ​ផ្នែក​សង្គម​ ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ ​ជំរុញ ​ឬ​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ ​ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ ​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​ទូរសព្ទ​ចល័ត​ ​និង​ទូរសព្ទ​ឆ្លាតវៃ​ ​ឬ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​បែប​ទូលំទូលាយ​ផ្សេងទៀត​ ​។​ ​ឧទាហរណ៍​ដូចជា​ ​ការ​គំរាមកំហែង​ ​ការរើសអើង​ ​ការបៀតបៀន​ផ្លូវ​ភេទ​ ​ការ​លួចចូល​ ​ឬ​ចូល​ប្រើប្រាស់​គណនី​ដោយ​គ្មាន​ការអនុញ្ញាត​ ​ការចែក​ចាយ​រូបភាព​ឯកជន​ដោយ​គ្មាន​ការ​យល់ព្រម​ ​និង​ទម្រង់​ផ្សេងទៀត​នៃ​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ពីសំណាក់​បុគ្គល​ឯកជន​ ​។​

​កាលពី​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​នេះ​ ​មនុស្ស​ចំនួន​ ​៧​១​៨​នាក់​ ​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​តាម​ប្រព័ន្ធ​អន​ឡា​ញ​មួយ​ ​ដែល​ធ្វើឡើង​ដោយ​អង្គការ​លី​កា​ដូ ​ក្នុង​គោលបំណង​សិក្សា​អំពី​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ហើយ​មនុស្ស​ចំនួន​ ​១​២​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​សម្ភាស​លំអិត​ ​ដើម្បី​សិក្សា​បន្ថែម​អំពី​បទពិសោធន៍​របស់​ពួកគេ​ ​។​

​ការ​រក​ឃើញ​សំខាន់​ៗ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ ​លី​កា​ដូ ​ដែល​មាន​ចំណងជើង​ថា​៖​ “​បច្ចុប្បន្នភាព​ស្ថានភាព​៖​ ​ការបៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា​” ​។​ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​ការ​រក​ឃើញ​សំខាន់​ៗ​ទាំងនោះ​ ​អង្គការ​ ​លី​កា​ដូ ​នឹង​ចេញផ្សាយជាបន្តបន្ទាប់​នូវ​​វីដេអូ​ជា​សំឡេង​ ​ចាប់ពី​ថ្ងៃ​ទី​ ​២​៦​ ​ខែវិច្ឆិកា​ ​រហូតដល់​ ​ថ្ងៃ​ទី​ ​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​ ​

​ហ្វេសប៊ុក​ ​គឺជា​បណ្តាញទំនាក់ទំនងសង្គម​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ធំបំផុត​នៅ​កម្ពុជា​ ​ប៉ុន្តែ​ដោយសារ​ការ​មិន​អើពើ​ ​និង​ភាព​អសកម្ម​របស់​ខ្លួន​ក្នុង​ការ​ការពារ​អ្នកប្រើប្រាស់​ ​វា​បាន​ក្លាយ​ជា​កន្លែង​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​រដ្ឋ​ធ្វើការ​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ ​និង​រំ.លោភបំ.ពាន​លើ​អ្នកប្រើប្រាស់​បាន​ ​និង​អនុញ្ញាត​ឱ្យ​បុគ្គល​ឯកជន​ធ្វើការ​រំ.លោភបំ.ពាន​ផ្លូវ​ភេទ​ ​បង្ក​ការរើសអើង​ ​គំ.រាមកំ.ហែង​ ​និង​ការ​រំ.លោភបំ.ពាន​ផ្សេងៗ​មក​លើ​អ្នកប្រើប្រាស់​ផ្សេងទៀត​បានជា​ញឹកញាប់​ ​។
នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​នេះ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ (​អង្គការ​លី​កា​ដូ) ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​អាជ្ញាធរ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងទៀត​ ​សូម​ឱ្យ​បង្កើន​ការ​ការពារ​សិទិ្ធ​មនុស្ស​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​។​ “​បច្ចុប្បន្នភាព​ស្ថានភាព​៖​ ​ការបៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា​” ​គឺជា​របាយការណ៍​មួយ​ ​ដែល​បង្ហាញ​អំពី​ការ​រក​ឃើញ​ជាច្រើន​នៃ​ការស្ទង់មតិ​មួយ​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​៧​០​០​ ​នាក់​ ​ដោយ​អង្គការ​ ​លី​កា​ដូ ​។​ ​ជាង​មួយភាគបី​ (​៣​៨​%) ​នៃ​អ្នកចូលរួម​ស្ទង់មតិ​ ​ធ្លាប់​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជាពិសេស​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​យុវជន​ ​និង​សកម្មជន​សិទិ្ធ​មនុស្ស​ ​ជា​ក្រុម​មនុស្ស​ដែល​ទទួលរង​ការ​រំ.លោភបំ.ពាន​ខ្លាំង​ជាងគេ​ ​។​ ​លើស​ពី​នេះ​ ​២​០​% ​នៃ​ស្ត្រី​ដែល​បាន​ចូលរួម​ស្ទង់មតិ​ ​បាន​និយាយ​ថា​អ្នក​ទាំងនោះ​ធ្លាប់​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​។​

​របាយការណ៍​នេះ​ ​ដែល​នឹង​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​ទីមួយ​នៃ​យុទ្ធនាការ​ ​១​៦​ថ្ងៃ​ ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ ​បង្ហាញ​ថា​ ​ស្ត្រី​តែងតែ​ជាគោល​ដៅ​នៃ​អំពើ​រំលោភបំពាន​ ​និង​រើសអើង​ដោយ​ផ្អែកលើ​យេ​ន​ឌ័​រ​ ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​ហើយ​ជា​លទ្ធផល​ភាគច្រើន​តែងតែ​បង្ខំចិត្ត​នៅ​ស្ងាត់ស្ងៀម​ ​។​

​លោក​ អំ ​សំអាត​ ​នាយក​រង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទិ្ធ​មនុស្ស​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​៖​ “​បណ្តាញទំនាក់ទំនងសង្គម​ ​គួរតែ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​ក្នុង​ការ​បញ្ចេញ​គំនិត​ ​ទទួល​បាន​ព័ត៌មាន​ ​និង​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​” ​។​ ​លោក​បាន​បន្ត​ទៀត​ថា​៖​ “​ក៏ប៉ុន្តែ​ការបៀតបៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​កំពុង​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងនោះ​ ​។​ ​លើស​ពី​នេះ​ទំហំ​នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​រំ.លោភបំ.ពាន​នេះ​ ​មិនមែន​មានត្រឹមតែ​នៅ​លើ​កញ្ចក់​ទូរសព្ទ​វៃ​ឆ្លាត​នោះ​ទេ​“ ​។​

​ពលរដ្ឋ​ដែល​ធ្លាប់​ទទួលរង​ការ​រំ.លោភបំ.ពាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​បាន​លើកឡើង​ពី​ផលវិបាក​អវិជ្ជមាន​ជាច្រើន​ ​ដូចជា​ការ​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ ​មាន​បញ្ហា​ជាច្រើន​ជាមួយ​មិត្តភក្តិ​ឬ​សហគមន៍​ ​អំពើ​ហិ.ង្សា​រូបរាងកាយ​ ​ការ​មានគំនិត​ចង់​ស.ម្លាប់​ខ្លួន​ ​និង​ផលវិបាក​ផ្សេងៗ​ទៀត​ ​។​ ​ជាង​មួយ​ភាគ​ប្រាំ​នៃ​ពលរដ្ឋ​ដែល​ធ្លាប់​ទទួលរង​ការ​រំ.លោភបំ.ពាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​សុវត្ថិភាព​រូបរាងកាយ​របស់​ខ្លួន​ ​ឬ​សុវត្ថិភាព​អ្នក​ដែល​ស្និទ្ធ​នឹង​ខ្លួន​ ​។​

​អាជ្ញាធរ​រដ្ឋ​មួយ​ចំនួន​ ​ក៏​ជា​អ្នក​ប្រព្រឹត្ត​សកម្មភាព​រំ.លោភបំ.ពាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​លើ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ផង​ដែរ​ ​ដែល​ភាគច្រើន​តែងតែ​គំ.រាមកំ.ហែង​ ​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​សកម្មជន​សិទិ្ធ​មនុស្ស​ ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​បញ្ចេញមតិ​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​ប៉ុណ្ណោះ​ ​។​ ​ច្បាប់​មួយ​ចំនួន​ ​ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​ ​ហាក់ដូចជា​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​កាន់តែ​ខ្លាំង​ ​ក្នុង​ការ​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ ​និង​រឹតត្បិត​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​។​ ​របាយការណ៍​នេះ​ ​បាន​លើកឡើង​នូវ​ករណី​ ​ដារ៉ា​* ​ជា​សមាជិក​សហជីព​ម្នាក់​ ​ដែល​ត្រូវ​បាន​គេ​តាមដាន​ ​និង​គំ.រាមកំ.ហែង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ក្រោយពេល​លោក​បាន​និយាយ​អំពី​បញ្ហា​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ​។​

ភាគច្រើន​លើសលុប​ (​៩​៥​%) ​នៃ​អ្នក​ដែល​ធ្លាប់​ទទួលរង​អំពើ​រំ.លោភបំ.ពាន​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​បាន​លើកឡើង​ថា​ពួកគេ​ទទួលរង​ការ​រំ.លោភបំ.ពាន​តាមរយៈ​កម្មវិធី​បណ្តាញ​សង្គម​យ៉ាងតិច​មួយ​ ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ហ្វេសប៊ុក​ (​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន​ ​មេ​តា​ ) ​។​ ​ហ្វេសប៊ុក​ ​មិនបាន​ដំឡើង​ភាសាខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ​ដើម្បី​ឱ្យ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុងស្រុក​ ​និង​មិនបាន​បង្កើត​នីតិវិធី​រាយការណ៍​អំពី​ការ​រំ.លោភបំ.ពាន​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ឱ្យ​មាន​ភាព​ងាយស្រួលប្រើ​ប្រាស់​ ​ឆាប់រហ័ស​ ​និង​មាន​ប្រ​សិទិ្ធ​ភាព​នោះ​ទេ​ ​។​ ​ហ្វេសប៊ុក​មិនបាន​ជូនដំណឹង​ដល់​សាធារណជន​ថា​តើ​មាន​អ្នកពិនិត្យ​អត្ថបទ​ជា​ជន​ជាតិខ្មែរ​ប៉ុន្មាន​នាក់​ធ្វើការងារ​ជាមួយ​ហ្វេសប៊ុក​ ​ហើយក៏​មិន​បង្កើត​ឱ្យ​មាន​តម្លា​ភាព​នូវ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​ដែល​ខ្លួន​បាន​ផ្តល់​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​នោះ​ដែរ​ ​។
អង្គការ​ ​លី​កា​ដូ ​បាន​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​ដោយ​បាន​ផ្ញើ​នូវ​ការ​រក​ឃើញ​សំខាន់​ៗ​នៃ​របាយការណ៍​នេះ​ ​កាលពី​ខែ​តុលា​ ​និង​វិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​១​ ​ហើយ​បាន​ស្នើសុំ​ការ​បំភ្លឺ​បន្ថែម​ទៅលើ​ការ​រក​ឃើញ​ ​និង​បញ្ហា​ទាំងនោះ​ ​។​ ​ក្រោយ​ពី​ឆ្លើយតប​ដោយ​បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​សារ​របស់​អង្គការ​ ​លី​កា​ដូ ​ហើយ​ ​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​មិនបាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​ ​លី​កា​ដូ ​បាន​សួរ​ ​ឬ​បញ្ហា​ដែល​បាន​លើកឡើង​នោះ​ទេ​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ ​អង្គការ​ ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​៖​ “​ហ្វេសប៊ុក​ ​មិន​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ពល​រដ្ឋកម្ពុជា​នោះ​ទេ​” ​។​ ​អ្នកនាង​បាន​បន្ត​ទៀត​ថា​៖​ “​ហ្វេសប៊ុក​ ​ត្រូវតែ​ប្រកាន់​ជំហរ​ជា​សាធារណៈ​ជំទាស់​នឹង​ការ​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ ​និង​ការ​រំ.លោភបំ.ពាន​ពីសំណាក់​អាជ្ញាធរ​រដ្ឋ​ ​ហើយ​ប្រកាន់​ទំនួល​ខុសត្រូវ​ទៅលើ​ការ​រំ.លោភបំ.ពាន​ផ្សេងៗ​ទៀត​ដែល​បាន​សាយភាយ​ពាសពេញ​បណ្តាញ​សង្គម​របស់​ខ្លួន​” ​។​

​របាយការណ៍​នេះ​ ​បាន​លើកឡើង​នូវ​រឿងរ៉ាវ​ជាច្រើន​ករណី​នៃ​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​។​ វីដេអូ​របស់​ ​សុផល​* ​ជា​ក្មេងស្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​លួច​ថត​នៅ​ពេល​នាង​កំពុង​រួមភេទ​ ​ត្រូវ​បាន​គេ​ចែកចាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ដោយ​មិន​មានការ​យល់ព្រម​ពី​រូប​នាង​ ​។​ ​រឿងរ៉ាវ​របស់​ ​ភាព​* ​ជានា​រី​ម្នាក់​អាយុ​ជាង​ ​៣​០​ឆ្នាំ​ ​ដែល​តែងតែ​ត្រូវ​បាន​គេ​គំ.រាមកំ.ហែង​ឥតឈប់ឈរ​ពី​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ក​ម្ចី​ឯកជន​មួយ​ ​ដែល​បង្គាប់​ឱ្យ​នាង​ផ្តល់​នូវ​រូបភាព​អាក្រាត​កាយ​របស់​នាង​ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ក​ម្ចី ​។​ ​រឿងរ៉ាវ​របស់​ ​ច​ន្នី* ​ជានា​រី​ម្នាក់​អាយុ​ជាង​ ​២​០​ឆ្នាំ​ ​ទទួលរង​ការរើសអើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​ក្រោយពេល​នាង​បាន​ចែករំលែក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​របស់​នាង​ ​។​ ​រឿងរ៉ាវ​របស់​ ​ពេជ្រ​* ​ជា​បុរស​ភេទ​ទីបី​ម្នាក់​មាន​អាយុ​ជាង​ ​២​០​ឆ្នាំ​ ​ទទួលរង​ការ​រំ.លោភបំ.ពាន​ផ្លូវ​ភេទ​ឥតឈប់ឈរ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​។​ ​រឿងរ៉ាវ​នីមួយៗ​ខាងលើ​នេះ​ ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​តម្រូវ​ការ​ជាបន្ទាន់​មួយ​ ​ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ការបៀតបៀន​តាមរយៈ​ប្រព័ន្ធ​អន​ឡា​ញ​នៅ​កម្ពុជា​ ​។​

​នៅ​ខណៈ​ដែល​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កាន់តែ​ពឹង​ផ្នែក​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ខ្លាំង​ឡើង​ ​ការ​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នា​ពេល​បច្ចុប្បន្ន​ដោយសារ​ទទួលរង​ការ​រំ.លោភបំ.ពាន​ ​គឺជា​ការ​ខាតបង់​តម្លៃ​យ៉ាង​ខ្លាំង​របស់​មនុស្សម្នាក់​ៗ​ ​។​ ​បណ្តាញ​សង្គម​ ​គឺជា​ប្រភព​ព័ត៌មាន​ចម្បង​ ​និង​កន្លែង​ពិភាក្សា​ផ្លាស់ប្តូរ​គំនិត​ដោយសេរី​មួយ​ ​នៅ​កម្ពុជា​ ​នៅពេលដែល​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​មាន​ភាព​រឹតត្បិត​យ៉ាង​ខ្លាំង​ ​។​ ​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដាក់​គោលដៅ​ ​។​ ​វា​ដល់ពេលហើយ​ ​ដែល​ត្រូវ​ធានា​ថា​ពលរដ្ឋ​គ្រប់រូប​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សិទិ្ធ​មនុស្ស​របស់​ពួកគេ​យ៉ាង​ពេញលេញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​៕​ រក្សាសិទ្ធិដោយ ៖ កូលាប