Sunday, December 5, 2021

លោកជំទាវ វណ្ណ លុយ ដឹក​នាំ​ក្រុម​ការងារ​អនុ​សាខា​កាក​បាទ​ក្រហមម្ពុជា ចុះ​ចែក​អំណោយដល់​ពលរដ្ឋ​ជួប​ការ​លំបាក ៤០ គ្រួសារ នៅខណ្ឌ​សែនសុខ

នៅព្រឹកទី២៦ ខែវិច្ជិកា ឆ្នាំ២០២១ នេះ លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ បាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋជួបការលំបាកសរុប ៤០ គ្រួសារ ក្នុងនោះចាស់ជរា១០គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ និងជនពិការ១០គ្រួសារ ស្ថិតនៅសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនសម្រាប់ក្នុងមួយគ្រួសារ គឺទទួលបានមានដូចជា៖ អង្ករ ១បាវ=១០គីឡូ,ទឹកសុទ្ធអេរ៉ូទិច១កេស ,មី១កេស, ត្រីខ១យួរ,ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ជេល១ដប និងថវិកា២មុឺនរៀល ផងដែរ។

ក្នុងឱកាសនោះផងដែរ លោកជំទាវអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានពាំនាំនូវការផ្តាំផ្តើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជា» មានគ្រប់ទីកន្លែង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។

លើសពីនេះ លោកជំទាវអនុប្រធានកិត្តិយសអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ជានិច្ច ចំពោះសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ CEN