Sunday, December 5, 2021

រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមបើកការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលនៃអង្គភាពនានា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលនៃអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានដឹងថា កាលបរិច្ឆេទ នៃការប្រឡងនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដូច្នេះសូមបេក្ខជនត្រៀមលក្ខណៈសម្បត្តិ។

បើតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ការប្រឡងនេះ នឹងរៀបចំឡើង នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៉ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល នៃអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញនេះ គឺក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខណ្ឌមន្ត្រីក្រមការ និងក្របខណ្ឌលេខាធិការរដ្ឋបាល។

បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៉ីម សន្ធរម៉ុក។

បេក្ខជនទាំងពីរភេទត្រូវរួសរាន់ ទៅមណ្ឌលប្រឡង ដើម្បីអនុវត្តវិធានការសុខាភិបាល ដោយត្រូវវាស់កំដៅ ពាក់ម៉ាសគ្រប់ពេល (លើកលែងពេលមន្ត្រីអនុរក្សស្នើសុំឱ្យដោះម៉ាស) រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលក្នុងបរិវេណមណ្ឌលប្រឡង។ ក្នុងករណីពុំមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ពុំអនុញ្ញាតឱ្យចូលក្នុងមណ្ឌលដើម្បីប្រឡងឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN