Monday, November 29, 2021

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈវិស័យ ទៅកាន់ថ្នាក់ដឹកនាំអាស៊ីអឺរ៉ុប ការស្ដារ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចសន្តិភាព និងសន្តិសុខតំបន់

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (អាស៊ឹម = ASEM13) ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ញ្ជើញដឹកនាំប្រជុំនេះក្នុងនាមជាម្ចាស់ផ្ទះ, សម្ដេចនឹងចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មក ទៅកាន់ថ្នាក់ដឹកនាំអាស៊ីអឺរ៉ុប ការស្ដារ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឡើងវិញ ព្រមទាំងសន្តិភាព និងសន្តិសុខ តំបន់។

កិច្ចប្រជុំនេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ និងមានសារៈសំខាន់សម្រាប់ប្រទេសតំបន់អាស៊ី និងអឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសាកល និងតំបន់ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺនេះផងដែរ។

នេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមោទនភាពថ្មីមួយទៀត សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ ដែលបង្ហាញឱ្យឃើញថា ក្រោយកម្ពុជាក្រោកចេញពីការញ៉ាំញី និងខ្ទេចខ្ទាំដោយវិបត្តិភ្លើងសង្គ្រាមពីអតីតកាលរួចមក ពេលនេះ បាននិងកំពុងដើរតួនាទី និងឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើពិភពលោកប្រកបដោយសក្ដានុពល។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ី-អឺរុប នឹងពិភាក្សាអំពីតួនាទី , ពហុភាគីនិយម , បញ្ហាប្រឈម និងទិសដៅនាពេលអនាគត , សន្តិភាព និងស្ថិរភាពសាកល , ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ , កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន , ស្ត្រីសន្តិភាព និងសន្តិសុខ និង បម្រែបម្រួលអាកាសធាតុ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN