បរទេស៖ ក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះ ភ្លៀងលាយឡំដោយព្យុះ បានវាយប្រហារយ៉ាងខ្លាំង បណ្ដាលឲ្យកើតជាទឹកជំនន់យ៉ាងខ្លាំង រហូតដល់អាជ្ញាធរប្រកាសអាសន្ន នៅក្នុងទីក្រុង Abbotsford ខេត្ត British Columbia នាភាគខាងលិច ប្រទេសកាណាដា។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា គ្រោះជំនន់ទឹកភ្លៀង បានវាយប្រហារយ៉ាងខ្លាំង បង្កឲ្យកើតជាទឹកជំនន់ជន់លិច នៅក្នុងទីក្រុង Abbotsford ខេត្ត British Columbia។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានប្រកាសអាសន្នពីគ្រោះធម្មជាតិនេះដែរ។
អាជ្ញាធរទីក្រុង Abbotsford បានបញ្ជាក់ថា ភ្លៀងបានធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ជំនន់ទឹកនេះ បានជន់លិចលំនៅឋាន អគារពាណិជ្ជកម្ម ផ្លូវថ្នល់ មន្ទីរពេទ្យ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំនានា។ រីឯអាជ្ញាធរខេត្ត British Columbia កំពុងព្យាយាមស្ដារស្ថានការណ៍នេះ ហើយបញ្ជូនពលរដ្ឋ ដែលងាយរងគ្រោះ ទៅទីទួលមានសុវត្ថិភាព។

គ្រោះធម្មជាតិទឹកជំនន់នេះ បានសម្លាប់សត្វពាហនៈរាប់ពាន់ក្បាល នៅតាមកសិដ្ឋាននានា ដែលត្រូវទឹកជន់លិច។ ចំណែកសត្វរាប់ពាន់ក្បាលផ្សេងទៀត កំពុងប្រឈមមុខការខ្វះខាតចំណី។ ទឹកជំនន់ នៅក្នុងខេត្ត British Columbia អាចនឹងបន្តអូសបន្លាយ រយៈពេលពីរទៅបីថ្ងៃទៀត។ ចំណែកទីក្រុង Abbotsford បានរងគ្រោះធ្ងន់ជាងគេ ព្រោះស្ថិតក្នុងតំបន់ប្រជុំភ្នំ៕រក្សាសិទ្ធិដោយ ៖ សារាយSN
















