រដ្ឋធានីញូវដេលី ៖ ឥណ្ឌា បានសាងសង់ផ្លូវជាច្រើនខ្សែ សម្រាប់បម្រើការងារក្នុងវិស័យគមនាគមន៍ធម្មតា និង ចុះចតយន្ដហោះចម្បាំង ក្នុងករណីមានសង្គ្រាម ហើយអាកាសយានដ្ឋាននានា ត្រូវបានសត្រូវវា.យប្រ.ហារក.ម្ទេចអស់។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា យន្ដហោះដឹកជញ្ជូនយោធាមួយគ្រឿង ប្រភេទ Hercules បានដឹកលោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌា ចុះចត នៅលើផ្លូវជាតិទើបសង់ថ្មី ឈ្មោះ «Purvanchal Expressway » កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
លោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌា បានសម្ពោធផ្លូវជាតិ Purvanchal Expressway នេះ ក៏ចង់បង្ហាញពីសមត្ថភាពរបស់ផ្លូវជាតិ នៅក្នុងប្រទេសឥណ្ឌា អាចប្រើប្រាស់បានមុខងារ ចំនួន២ គឺការធ្វើចរាចរណ៍ធម្មតា និង ការចុះចតជាបន្ទាន់របស់យន្ដហោះយោធា នៃប្រទេសអាស៊ីខាងត្បូងមួយនេះ។

យន្ដហោះ Hercules ជាប្រភេទយន្ដហោះដឹកជញ្ជូនយោធារបស់ឥណ្ឌា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានចុះចត លើល្បឿនលឿន ដែលទើបនឹងសាងសង់ថ្មី ស្ថិតក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ផ្លូវល្បឿនលឿននេះ ត្រូវបានសាងសង់ឡើង សម្រាប់ឲ្យយន្ដហោះចម្បាំង Mirage និងយន្ដហោះ Su-30 របស់កងទ័ពអាកាសឥណ្ឌា ចុះចតបាន សម្រាប់វិស័យយោធា។
លោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌា បានថ្លែង នៅក្នុងពិធីនោះថា «ការរីកចម្រើនរបស់ឥណ្ឌា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សន្តិសុខជាតិរបស់យើង… ហើយ ផ្លូវល្បឿនលឿននេះ នឹងក្លាយជាអនុភាពថ្មីមួយ នៃកងទ័ពអាកាសរបស់យើង អាចចុះចតយន្តហោះចម្បាំងបាន»។

ផ្លូវជាតិល្បឿនលឿន Purvanchal Expressway មានប្រវែងជិត៣៥០គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើង ក្រោមគម្រោងអភិវឌ្ឍន៍បណ្ដាញផ្លូវថ្នល់ និង ផ្លូវជាតិល្បឿនលឿនរបស់រដ្ឋាភិបាលលោក ម៉ូឌី។ លោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌា ធ្លាប់ថ្លែងថា ឥណ្ឌាបានកែលម្អ និងស្ថាបនាផ្លូវហាយវេ បានប្រវែង ៥០ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ចាប់តាំងពីលោកឡើងកាន់អំណាច នាអំឡុងឆ្នាំ២០១៤ រហូតមកដល់ពេលនេះ។ ជាមួយគ្នានេះ លោកក៏មានផែនការ សាងសង់បណ្ដាញផ្លូវ ប្រវែង ១១ ០០០គីឡូម៉ែត្របន្ថែមទៀត ក្នុងឆ្នាំ២០២១។
ឥណ្ឌាបានសាងសង់ផ្លូវជាតិជាច្រើនខ្សែ សម្រាប់បម្រើមុខងារចំនួន២ រួមមាន ការធ្វើដំណើរជាធម្មតា និង ការចុះចតយន្ដហោះចម្បាំង ក្រោយពេលប្រទេសនេះ បានប្រឈមមុខដាក់គ្នាជាមួយនឹងមហាអំណាចចិន។ រហូតមកដល់ពេលនេះ ឥណ្ឌាបានត្រៀមខ្លួនជាស្រេច ធ្វើសង្គ្រាមទប់ទល់ ពីការឈ្លានពានរបស់សត្រូវ។ ប្រសិនបើករណីអាកាសយានដ្ឋាន ត្រូវបានវាយប្រហារបំផ្លាញអស់នោះ កងទ័ពអាកាសឥណ្ឌា នឹងប្រើប្រាស់ផ្លូវជាតិទាំងនេះ សម្រាប់ការចុះចត និងហោះហើររបស់យន្ដហោះចម្បាំង ធ្វើសង្គ្រាមទប់ទល់នឹងសត្រូវវិញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















