រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលរៀបការជាមួយនឹងបុរសបណ្ដូលចិត្តជារាស្រ្ដសាមញ្ញ និងបោះបង់ឋានៈ នៅក្នុងសែរាជវង្ស នៃអធិរាជជប៉ុនរួចមក អតីតម្ចាស់ក្សត្រី Mako ជាក្មួយស្រីបង្កើតរបស់ព្រះចៅអធិរាជប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣ នៅលើពិភពលោក បានដឹកដៃប្ដីទៅរស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីសាងជីវិត។

សារព័ត៌មាន NBC News បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អតីតម្ចាស់ក្សត្រីជប៉ុន Mako បានដឹកដៃស្វាមីរបស់នាង គឺលោក Kei Komuro ធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីសាងជីវិតថ្មី។ នាង Mako បានចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពេលនាងបោះបង់ចោលឋានៈ នៅក្នុងសែរាជជវង្ស នៃអធិរាជជប៉ុន។
អតីតម្ចាស់ក្សត្រីជប៉ុន និងប្ដីរបស់នាង នឹងជួលផ្ទះល្វែងមួយ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាកន្លែងដែលលោក Komuro ធ្វើការ នៅក្នុងក្រុមហ៊ុនមេធាវី។ Mako បានរងនូវព្យុះភ្លៀង នៃការរិះគន់យ៉ាងខ្លាំង ធ្វើឲ្យព្រះនាង តស៊ូពុះពារយ៉ាងលំបាក នៅក្នុងរឿងស្នេហារបស់ព្រះនាង ដែលស្ថិតក្នុងត្រកូលអធិរាជជប៉ុន ហើយម្ចាស់បេះដូងជារាស្រ្ដសាមញ្ញ។ ចុងក្រោយ ព្រះនាង នៅតែសុខចិត្តហែលកាត់ព្យុះភ្លៀង និងលះបង់អ្វីគ្រប់យ៉ាង ទាំងឋានៈ នៅក្នុងសែរាជវង្ស នៃអធិរាជជប៉ុន មកធ្វើជារាស្រ្ដសាមញ្ញធម្មតាវិញ។

Mako ជាបុត្រីរបស់ព្រះអង្គម្ចាស់ Fumihito រាជទាយាទ នៃអធិរាជជប៉ុន និង មានមាតាព្រះនាម Kiko Kawashima ហើយនាង Mako ក៏ជាក្មួយបង្កើតរបស់ព្រះចៅអធិរាជជប៉ុន Naruhito ។ ប៉ុន្ដែក្រោមច្បាប់អធិរាជប៉ុន ដែលមានអាយុកាល រាប់រាយឆ្នាំមកហើយ ចែងថា រាជបល្ល័ង្កនឹងត្រូវប្រគល់តែសម្រាប់ក្សត្រា (ស្ដេចប្រុស) ឡើងសោយរាជសម្បត្ដិប៉ុណ្ណោះ។ ដោយឡែកស្រ្ដី ស្ថិតក្នុងសែរាជវង្ស បើរៀបការជាមួយនឹងរាស្រ្ដសាមញ្ញ ត្រូវតែបោះបង់ចោលឋានៈ នៅក្នុងសែរាជវង្ស៕រក្សាសិទ្ធិដោយ ៖សារាយSN






