Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសអាមេរិកាំងម្នាក់ ជាប់គុក២៦ឆ្នាំ ទាំងគ្មានទោសកំហុស

បរទេស ៖ តុលាការ នៅរដ្ឋ North Carolina បានកាត់ទោសខុស លើបុរសអាមេរិកាំងម្នាក់ ដាក់ក្នុងពន្ធនាគារ រយៈពេល២៦ឆ្នាំ តែទីបំផុត ទើបរកឃើញថា គាត់មិនមានទោសកំហុស ហើយត្រូវបានអភិបាលរដ្ឋនេះ លើកលែងទោស ហើយអនុញ្ញាតឲ្យដាក់ពាក្យបណ្ដឹង ទាមទារសំណងពីរដ្ឋវិញ។

បើតាមសារព័ត៌មាន The Charlotte Observer បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Dontae Sharpe ត្រូវបានតុលាការរដ្ឋ North Carolina កាត់ទោសខុស ពីបទឃាត.កម្ម និងបានសម្រេច ដាក់ក្នុងពន្ធនាគារ រយៈពេល២៦ឆ្នាំ។ ប៉ុន្ដែនៅទីបំផុត ទើបរកឃើញភស្ដុតាងថា គាត់គ្មានទោសកំហុស ហើយអភិបាលក្រុង បានចេញមុខដោះលែងគាត់ឲ្យមានសេរីភាពឡើងវិញ។

លោក Dontae Sharpe បានខិតខំពុះពារ ដើម្បីបង្ហាញភស្ដុតាង អំពីការគ្មានទោសពៃរ៍របស់គាត់ ចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងឆ្នាំ១៩៩៤។ បុរសជនជាតិអាមេរិកាំងរូបនេះ ត្រូវបានដោះលែង ចេញពីពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០១៩។

លោក Dontae Sharpe បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា « ឈ្មោះគ្រួសាររបស់ខ្ញុំ ត្រូវបានជម្រះហើយ។ បញ្ហានេះ ជាបន្ទុក នៅលើពីស្មារបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ»។

ដោយឡែក លោក Roy Cooper អភិបាលរដ្ឋ North Carolina បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានប្រកាស ពីការលើកលែងទោសដល់លោក Dontae Sharpe ថា លោកត្រូវតែត្រួតពិនិត្យលើករណីនេះ ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យផ្តន្ទាទោសខុស ដូចជា ករណីរបស់លោក Sharpe ។ គាត់ «សមនឹងទទួលបាន ពីរឿងអយុត្តិធម៌នោះយ៉ាងពេញលេញ ហើយត្រូវទទួលស្គាល់ជាសាធារណៈ»។ ជាមួយនឹងការលើកលែងទោសនេះ លោក Sharpe ក៏នឹងអាចដាក់ពាក្យបណ្ដឹង ទាមទារសំណងពីរដ្ឋវិញផងដែរ។

លោក Dontae Sharpe បានថ្លែងថា «សេរីភាពរបស់ខ្ញុំ នៅតែមិនទាន់ទទួលពេញលេញនៅឡើយ ព្រោះមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានកាត់ទោសខុស ដាក់ក្នុងពន្ធនាគារ ហើយកំពុងតែរង់ចាំការលើកលែងទោស។ ខ្ញុំបាននៅក្នុងគុក ខ្ញុំបានដឹងថា អ្នកគ្មានកំហុសជាច្រើននាក់ ហើយដឹងថា ប្រព័ន្ធតុលាការរបស់យើង ពុករលួយ ហើយត្រូវការផ្លាស់ប្តូរ លើបញ្ហានេះ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×