Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំកំពូលចិន ព្រមានពីការផ្ទុះសង្គ្រាមត្រជាក់ឡើងវិញ នៅអាស៊ី-ប៉ាស៊ីហ្វិក

រដ្ឋធានីប៉េកាំង ៖ ប្រធានធិបតីចិន បានព្រមានពីការផ្ទុះសង្រ្គាមត្រជាក់ឡើងវិញ ចំពេលតំបន់អាស៊ី-ប៉ាហ្វិក កំពុងតែប្រឈមមុខកាន់តែតានតឹងខ្លាំងឡើង រវាងចិន និង សហរដ្ឋអាមេរិក ក៏ដូចជាមួយនឹងសម្ពន្ធមិត្ត។

សារព័ត៌មានអាល់ចាហ្ស៊ីរ៉ា (Al Jazeera) បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានព្រមាន អំពីការត្រឡប់ទៅរកភាពតានតឹងឡើងវិញ នៅក្នុងយុគសម័យសង្គ្រាមត្រជាក់ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងជាសារជាវីដេអូ ដែលបានថតទុក សម្រាប់ថ្លែងទៅកាន់វេទិកា CEO នៅក្រៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កាលពីថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា «ការព្យាយាមគូសបន្ទាត់មនោគមន៍វិជ្ជា ឬបង្កើតជារង្វង់តូចៗ នៅលើមូលដ្ឋានភូមិសាស្ត្រនយោបាយ នឹងត្រូវបរាជ័យ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងមិនអាច ឬមិនគួរវិលទៅរកការប្រឈមមុខដាក់គ្នា និងការបែងចែក នៃសម័យសង្គ្រាមត្រជាក់នោះឡើយ។ ជាមួយគ្នានេះ ប្រធានាធិបតីចិន បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាសកល នៅមុនពេលមានកិច្ចប្រជុំកំពូលជាមួយសមភាគីរបស់គាត់ គឺលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពតានតឹង រវាងចិន និងសហរដ្ឋអាមេរិក កំពុងតែឡើងកម្ដៅ។ បញ្ហាចម្បង នៃភាពតានតឹងនេះ ក៏ដោយសារសហរដ្ឋអាមេរិក កំពុងតែកើតក្ដីកង្វល់ កាន់តែខ្លាំងឡើង ជុំវិញសកម្មភាពយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ហើយប៉ះពាល់ជំហររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្ដោតទៅលើទីក្រុងហុងកុង, ខេត្តស៊ីជាង ប្រទេសចិន និង តៃវ៉ាន់។

នៅក្នុងអំឡុងពេលស្ថានការណ៍កាន់តែតានតឹងឡើងនោះ មេដឹកនាំសហរដ្ឋអាមេរិក និង ចិន ក៏បានចរចាគ្នា ធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំង២ មានភាពល្អប្រសើរឡើងវិញ។ មន្រ្ដីអាមេរិក និងចិន កាលពីខែតុលា កន្លងទៅ បានប្រកាសថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបពិភាក្សាគ្នា នៅមុនដំណាច់ឆ្នាំ២០២១។ ប៉ុន្ដែមន្រ្ដីទាំងនោះ មិនបានបញ្ជាក់ថា កិច្ចប្រជុំកំពូល រវាងប្រធានាធិបតីទាំង២នេះ នឹងកើតឡើង នៅពេលណានោះដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណមួយ បានអះអាងថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និង លោក ចូ បៃដិន ប្រធាធិបតីសហរដ្ឋអាមេរិក អាចនឹងជួបចរចាគ្នា នៅព្រឹក ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ ៖ សារាយSN

×