Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ គំរាមរបបយោធាមីយ៉ាន់ម៉ា ឲ្យបញ្ចប់អំពើហិង្សាជាបន្ទាន់

បរទេស ៖ ស្របពេលអំពើហិង្សា កាន់តែកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា គួរឲ្យព្រួយបារម្ភនោះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ ជំរុញឲ្យរបបសឹក នៃប្រទេសនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយបង្កើននូវការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត។

សារព័ត៌មានអាល់ចាហ្ស៊ីរ៉ា (Al Jazeera) បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ (UN) មានសមាជិក ចំនួន១៥ប្រទេស បានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ ជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ា ត្រូវតែអនុវត្តនូវ «ការអត់ធ្មត់ជាអតិបរមា» ហើយបញ្ចប់នូវអំពើហិង្សា នៅក្នុងប្រទេសនេះ។

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការកំពូលរបស់ពិភពលោកមួយនេះ បានកើតឡើង ចំពេលមានសេចក្ដីរាយការណ៍ អំពីការកើនឡើង នៃការប្រើប្រាស់អាវុធធុនធ្ងន់។ កងទ័ព នៅក្នុងរដ្ឋ Chin នាភាគខាងលិច ប្រទេសមីយ៉ាន់ម៉ា ត្រូវបានស្នើវាយប្រហារកម្ទេចក្រុមជីវពល ដែលទើបនឹងបង្កើតឡើង ក្រោយពេលពួកយោធាបានរឹបអូសអំណាច ពីរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) នៅក្នុងអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

សមាជិក១៥ប្រទេស នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រ ដោយសង្កត់ធ្ងន់ អំពីការព្រួយបារម្ភ ជុំវិញអំពើហិង្សា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា នាពេលនេះ។ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានអំពាវនាឲ្យបញ្ចប់នូវអំពើហិង្សាជាបន្ទាន់ ហើយរបបយោធាមីយ៉ាន់ម៉ា ត្រូវតែធ្វើឲ្យប្រាកដ អំពីសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទោះជាយ៉ាងណា ពួកយោធាមីយ៉ាន់ម៉ា មិនបានធ្វើអត្ថាធិប្បាយណាមួយ ជុំវិញស្ថានការណ៍ នៅក្នុងរដ្ឋ Chin ជាតំបន់ព្រំដែន កើតមានការប្រទូសរ៉ាយគ្នា ហើយក្លាយជាសមរភូមិ នៃចលនាតស៊ូ ប្រឆាំងនឹងរបបគ្រប់គ្រងយោធានោះឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលព្រាងដោយចក្រភពអង់គ្លេស បានបញ្ជាក់ថា «សមាជិកទាំង១៥ប្រទេស នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ … បានថ្លែងជាដដែលៗ អំពីការព្រួយបារម្ភរបស់ពួកគេ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។

សមាគមជំនួយអ្នកទោសនយោបាយ ( AAPP) បានបញ្ជាក់ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រហូមកដល់ពេលនេះ របបយោធាមីយ៉ាន់ម៉ា បានសម្លាប់ក្រុមអ្នកតវ៉ាអហិង្សា ជាង១ ០០០នាក់។ ដោយឡែក ពលរដ្ឋមីយ៉ាន់ម៉ា ជាង៨០០០នាក់ផ្សេងទៀត ត្រូវបានរបបយោធាភូមា ចាប់ដាក់ក្នុងពន្ធនាគារ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×