រដ្ឋធានីកាប៊ូល ៖ ពួកតាលីបង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានធ្វើព្យុយាត្រា ដើម្បីសម្ពោធថ្ងៃបង្កើតកងទ័ពថ្មីរបស់ពួកគេ នៅទីក្រុងកាន់ដាហារ ជាទីក្រុងធំទី២ នៃប្រទេសអាហា្វហ្គានីស្ថាន ហើយក៏ជាមូលដ្ឋាន នៃការតស៊ូរបស់ពួកគេ នៅក្នុងការផ្ដួលរំលំរដ្ឋាភិបាល គាំទ្រដោយលោកខាងលិចរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពេលសហរដ្ឋអាមេរិក បានដកកងទ័ពចេញ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ពួកតាលីបង់ បានធ្វើព្យុហយាត្រាយោធា នៅក្នុងទីក្រុង Kandahar ជាទីក្រុងធំទីពីររបស់ប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងក្បួនព្យុហយាត្រានោះ តាលីបង់បានប្រើប្រាស់រថយន្ត និងឧទ្ធម្ភាគចក្រកងទ័ពរបស់រដ្ឋាភិបាលរបស់លោក Ashraf Ghani អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន និង អន្តរជាតិ ដើម្បីសម្ពោធកងទ័ព «អ៊ិស្លាមអេមីរ៉ាត» ថ្មីរបស់តាលីបង់។
រដ្ឋមន្រ្ដីក្រសួងការពារជាតិតាលីបង់ បានប្រកាស កាលពីពេលថ្មីនេះថា អង្គភាពយោធា នឹងត្រូវរៀបចំឡើងវិញ និង ប្តូរឈ្មោះជាថ្មី។ ក្បួនរថយន្តយោធាតាលីបង់ បានបើកចុះ ពីលើផ្លូវធំ នៅក្នុងទីក្រុង Kandahar ឆ្ពោះទៅកាន់អាកាសយានដ្ឋាន នៅកណ្តាលទីក្រុង ដោយឆ្លងកាត់អ្នកទស្សនាយ៉ាងច្រើន។ ជាមួយគ្នានេះដែរ តន្ត្រីសាសនា ក៏បានបន្លឺឡើង ចេញពីឧបករណ៍បំពងសំឡេង៕រក្សាសិទ្ធិដោយ ៖ សារាយSN






