Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរបរទេស សម្រុកទៅកាន់សហរដ្ឋអាមេរិក ចំពេលបើកព្រំដែនឡើងវិញ

រដ្ឋធានីវ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញ ដើម្បីទទួលភ្ញៀវបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសហើយ។

សារព័ត៌មាន NDTV បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក នឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចរាល់ ចំនួន២ដូស។ បម្រាមរយៈពេល២០ខែ ត្រូវបានដាក់ចេញ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។ បម្រាមនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នក ដែលមិនមែនជាពលរដ្ឋអាមេរិក មកពីប្រទេសចំនួន៣០ រួមទាំង ចក្រភពអង់គ្លេស និងរដ្ឋនានា នៅអឺរ៉ុប ដែលត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ និង បញ្ឈប់សកម្មភាពលើវិស័យទេសចរណ៍។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍នានា នឹងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើន ខណៈការរឹតបន្ដឹងច្បាប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានលុបចោល សម្រាប់អ្នកដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស និង ឆ្លងកាត់ការធ្វើតេស្ដ ហើយការតាមដានពីទំនាក់ទំនងសុខភាព។ សហរដ្ឋអាមេរិក នឹងបញ្ចប់បម្រាម រយៈពេល២០ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងការចូលមកលើទឹកដីប្រទេសមហាអំណាចមួយនេះ ។

លោក Jerome Thomann ប្រធានទីភ្នាក់ងារទេសចរណ៍ Jetset Voyages ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ជាក់ថា «ពិតជាអស្ចារ្យខ្លាំងណាស់ មានអារម្មណ៍រំភើបខ្លាំងណាស់ ក្រុមហ៊ុនរបស់លោក បានឃើញ«ការកក់សំបុត្រកើនឡើង មិនគួរឱ្យជឿ »។

សហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្យាយាម ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយព្រំដែនត្រូវបានបិទជាដំបូង សម្រាប់អ្នកធ្វើដំណើរ មកពីប្រទេសចិន នៅក្នុងអំឡុងដើមឆ្នាំ២០២០។ បន្ទាប់មក ការរឹតបន្ដឹង ក៏បានចាប់ផ្ដើម ពង្រីកទៅកាន់ប្រទេសជាច្រើនផ្សេងទៀត។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះដោយកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៧,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៧៧៥ ២១៨នាក់ និង មានអ្នកជាសះស្បើយ ជាង៣៧,៣លាននាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×